ព័ត៌មានទាន់ហេតុការណ៍៖

លោក គីម រិទ្ធី អញ្ជើញ ក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

ចែករំលែក៖

ភ្នំពេញ ៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ  នៅរសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ និងបូកសរុបចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្តិភាពឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៥រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែ​កុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជា​អធិប​តី​បិទ​សន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ។

យោងតាមរបាយការណ៍ របស់លោកអភិសន្តិ ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថា ឆ្នាំ២០២៣ ដែលជាឆ្នាំចុងក្រោយនៃការអនុវត្ត​កម្មវិធី​នយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលអាណត្តិទី៦ ក្រសួង​មហា​ផ្ទៃ ដោយមានការចូលរួមសហការ និងការគាំទ្រពីក្រសួង សា្ថប័នមានសមត្ថកិច្ចពាក់ព័ន្ធ ទាំងនៅថ្នាក់​ជាតិ និងថ្នាក់ក្រោមជាតិ សហគមន៍មូលដ្ឋាន និងប្រជាពលរដ្ឋ បានជម្នះរាល់ឧបសគ្គ សម្រេចបាន​សមិទ្ធ​ផលជាច្រើនទាំងក្នុងក្របខ័ណ្ឌនៃការគ្រប់គ្រងរដ្ឋបាលដែនដី និងការគ្រប់គ្រង សន្តិសុខជាតិ សណ្តាប់​ធ្នាប់​សាធារណៈ និងសុវត្ថិភាពសង្គម បម្រើដល់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ។

ក្រសួងមហាផ្ទៃបានចូលរួមយ៉ាងសកម្មក្នុងការថែរក្សា ការពារបានយ៉ាងរឹងមាំនូវសុខសន្តិភាព ខឿនឯក​រាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី និងស្ថិរភាពនយោបាយ បញ្ចៀសបានសកម្មភាពភេរវកម្មទាំង​ឡាយ ទប់ស្កាត់ បានឧបាយកល សកម្មភាពប៉ុនប៉ងបំបែកបំបាក់សាមគ្គីជាតិ និងការប៉ុនប៉ងផ្តួលរំលំរាជ​រដ្ឋាភិបាល​ស្របច្បាប់ ធានាយ៉ាងល្អប្រសើរនូវព្រះរាជសុវត្ថិភាពព្រះមហាក្សត្រ និងសុវត្ថិភាពឥស្សរជន​ដឹក​នាំប្រទេស ព្រមទាំងសម្រប សម្រួលរៀបចំព្រឹត្តិការណ៍នយោបាយជាតិ និងអន្តរជាតិសំខាន់ៗ ឱ្យ​ប្រព្រឹត្តិ​ទៅដោយរលូន និងជោគជ័យ។

លោកបានបន្តទៀតថា ៖ នៅឆ្នាំ២០២៣ គោលនយោបាយ «ភូមិ-ឃុំ-​សង្កាត់ មានសុវត្ថិភាព» ការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ការបង្ក្រាបបទល្មើសគ្រឿងញៀនខុសច្បាប់ ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទគ្រប់ទម្រង់ ការបង្ក្រាបសកម្មភាព ក្មេងទំនើង ការពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោក ការផ្តល់អន្តរាគមន៍ពន្លត់អគ្គិភ័យ ត្រូវបានយកចិត្តទុកដាក់អនុវត្តជា ប្រចាំ ដែលធានាបាននូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយភាពសុខសាន្ត រក្សាបាន​នូវប្រក្រតី​ភាព​សង្គមគ្រប់វិស័យ។ ទោះបីស្ថានភាពបទល្មើសមានការកើនឡើង ប៉ុន្តែការបង្ក្រាបមានរហូតដល់ ៩០ភាគរយ នៃបទល្មើស ដែលបានកើតឡើង។ ការងារអត្តសញ្ញាណកម្ម ត្រូវបានពង្រឹងទាំងក្នុងក្រប​ខ័ណ្ឌ​នៃការរៀបចំច្បាប់ លិខិតបទដ្ឋាន គតិយុត្ត និងការផ្តល់សេវាអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋ ដើម្បីធានាឱ្យប្រជាពលរដ្ឋគ្រប់រូបមានអត្តសញ្ញណ ខាងផ្លូវច្បាប់ពេញលេញ ព្រមទាំងទទួលបាននូវ​ការគោរព​សិទ្ធិ និងសេវាជាមូលដ្ឋានចាំបាច់នានាស្របតាមច្បាប់។

សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ វាយតម្លៃខ្ពស់ចំពោះអង្គសន្និបាតរបស់ក្រសួងមហាផ្ទៃ និងចំពោះការងារលាឆ្នាំកន្លងមករបស់ក្រសួងមហាផ្ទៃដែលសម្រេចបាននូវភាពជោគជ័យជាបន្តបន្ទាប់ជូនជាតិមាតុភូមិ ជាពិសេសការចូលរួមថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម។ 

សម្ដេចធិបតី បានមានប្រសាសន៍បន្តទៀតថា ៖ ក្រោយពីបង្កើតរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ក្រសួងមហាផ្ទៃ បានធ្វើទំនើបកម្មស្ថាប័ន ជាបណ្តើរៗបន្ថែម ដោយបានធ្វើវិចារណកម្មមុខងារ និងបានកែសម្រួលរបៀបរបបការងាររបស់អង្គភាពនីមួយៗឱ្យឆ្លើយតបទៅនឹងអាទិភាពការងារ និងការទទួលខុសត្រូវរបស់អង្គភាពទាំងនោះ ដោយក្នុងនោះ ក្នុងនីតិកាលថ្មីនេះ ក្រសួងបានដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រស្តីពី “ ការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី និងសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ” ដែលជាសមិទ្ធផលថ្មីដ៏មានសារៈសំខាន់មួយសម្រាប់ធ្វើជាផែនទីបង្ហាញផ្លូវក្នុងការដឹកនាំ គ្រប់គ្រង និងអនុវត្តតួនាទី ភារកិច្ចជាសេនាធិការជូនរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ដើម្បីចូលរួមអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ឱ្យសម្រេចបានតាមគោលដៅ គោលបំណង និងចក្ខុវិស័យដែលបានកំណត់៕

ដោយ ៖ សិលា


ចែករំលែក៖