ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តព្រះវិហារ ដឹកនាំប្រតិភូរដ្ឋបាលខេត្ត ចូលរួមក្នុងពិធីគោរពព្រះវិញ្ញាណក្ខន្ធ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ លោក គីម រិទ្ធី អភិបាល នៃគណះអភិបាលខេត្តព្រះវិហារ បានអញ្ជើញ ដឹកនាំប្រតិភូរដ្ឋបាលខេត្ត ចូលរួមក្នុងពិធីគោរពព្រះវិញ្ញាណក្ខន្ធ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅវត្តឧណ្ណាលោម ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ 

ក្នុងសមានទុក្ខដ៏សែនក្រៀមក្រំ អភិបាលខេត្តព្រះវិហារ ដឹកនាំប្រតិភូរដ្ឋបាលខេត្ត បានលំឱនកាយថ្វាយបង្គំគោរពដល់ព្រះសព និងឧទ្ទិសដល់ដួងព្រះវិញ្ញាណក្ខន្ធ សម្តេចព្រះ អគ្គ មហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សូមយាងទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាត។

លោកអភិបាលខេត្ត មានក្តីសង្វេគសោកស្ដាយ ស្រណោះអាឡោះអាល័យស្ទើររកទីបំផុតគ្មាន ព្រោះថាការយាង ចូលព្រះទិវង្គតរបស់សម្តេចព្រះ អគ្គមហាសង្ឃ រាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហា សង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា គឺជាការបាត់បង់មហាវីរសង្ឃកំពូលដែលជាកុលបុត្រដ៏ឧត្ដុង្គឧត្តមនៃកសិករ ធ្លាប់រួមចលនាតស៊ូរំដោះជាតិ ប្រជាជននិងសាងព្រះផ្នួសលើកកម្ពស់ការរស់ឡើងវិញនៅព្រះពុទ្ធសាសនា ក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩ រហូតដល់ថ្ងៃអស់ព្រះជន្ម លើសពីនេះ ព្រះអង្គបានបូជាធ្វើ ពលិ កម្មដ៏ខ្ពង់ខ្ពស់ បំផុតលះបង់ព្រះកាយថ្វាយ ជាតិ សាសនា ព្រះមហាក្សត ជាពិសេសព្រះអង្គបាន បង្កើត គណៈ សង្ឃកម្ពុជាឡើងវិញ រហូតដល់ពេលបច្ចុប្បន្ន។

សូមបញ្ជាក់ថា ៖ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីឧទ្ទេសបណ្ឌិត ទេព វង្ស បានយាងចូលព្រះទិវង្គត នៅ ថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅ វេលា ម៉ោង ៥៖៤០នាទីល្ងាច ក្នុងព្រះជន្មាយុ ៩៣ព្រះវស្សា ដោយព្រះជរាពាធ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្កើតគណៈកម្មការមានសមាសភាពចម្រុះជាមន្ត្រីសង្ឃជាន់ខ្ពស់ មកពីគណៈសង្ឃនាយក គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងសមាជិករបស់រាជរដ្ឋាភិបាល ដើម្បីចាត់ចែងរៀបចំពិធីបុណ្យថ្វាយព្រះរាជកុសលដល់ដួងវិញ្ញាណក្ខន្ធសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីឧទ្ទេសបណ្ឌិត ទេព វង្ស៕

ដោយ ៖ សិលា


ចែករំលែក៖