ព័ត៌មានទាន់ហេតុការណ៍៖

បុគ្គលឈ្មោះ សម្បត្តិ សំបូរ ដែលបង្ហោះវីដេអូនិយាយមិនពិត លើករណីដុតបំផ្លាញគ្រឿងញៀននៅកម្ពុជា ចេញមុខសុំទោសចំពោះក្រសួងស្ថាប័នពាក់ព័ន្ធ និងបានលុបវីដេអូចេញពី TikTok រួចហើយ

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីក្រុមការងារប្រតិកម្មរហ័ស នៃមន្ទីរប្រឆាំងគ្រឿងញៀន ចេញសេចក្តីបំភ្លឺ ពាក់ព័ន្ធគណនី TikTok ឈ្មោះ MRR RAM និងគណនី Facebook ឈ្មោះ Boy Thee ដែលបង្ហោះវីដេអូមិនពិតករណីដុតគ្រឿងញៀន ដោយព្រមានទុកពេល ២៤ម៉ោងឱ្យបុគ្គលឈ្មោះ សម្បត្តិ សំបូរ លុបវីដេអូចេញពី TikTok និង Facebook ឱ្យអស់ និងធ្វើការកែតម្រូវខ្លឹមសារពាក្យពេចន៍របស់ខ្លួនឡើងវិញនោះ, នៅរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤នេះ បុគ្គលរូបនេះ បានចេញមកបង្ហោះវីដេអូសុំទោស ចំពោះអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ចំពោះកំហុសឆ្គងរបស់ខ្លួន ដោយមានការយល់ច្រឡំ អំពីករណីដុតបំផ្លាញគ្រឿងញៀននៅកម្ពុជា ។

បុគ្គល សម្បត្តិ សំបូរ បាននិយាយថា ដោយសាររូបគេមិនបានទទួលព័ត៌មាន អំពីការដុតបំផ្លាញរបស់ក្រសួងស្ថាប័នពាក់ព័ន្ធ ទើបមានការយល់ច្រឡំថា មិនមានដុតបំផ្លាញគ្រឿងដែលរឹបអូសបានពីជនល្មើស តែការពិតតាមការបញ្ជាក់របស់សមត្ថកិច្ចជំនាញ គឺការដុតបំផ្លាញគ្រឿង ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ។ 

បុគ្គល សម្បត្តិ សំបូរ បានលើកឡើងទៀតថា ដោយសារវីដេអូមុនខ្លួនបាននិយាយប៉ះពាល់ដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ក៏ដូចជាមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដូច្នេះរូបគេសូមការអភ័យទោស។ 

ក្នុងនាមស្ថាប័នអនុវត្តន៍ច្បាប់គ្រឿងញៀន មន្ទីរប្រឆាំងគ្រឿងញៀន សូមកោតសរសើរដល់បុគ្គល សម្បត្តិ សំបូរ ដែលបានដឹងកំហុសឆ្គងរបស់ខ្លួន ចេញមុខមកសុំទោស ចំពោះក្រសួងស្ថាប័នពាក់ព័ន្ធជាសារធារណៈ៕

ដោយ៖ តារា


ចែករំលែក៖