ខេត្តសៀមរាប៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចចម្រុះ បន្តចុះអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រួតពិនិត្យអាវុធគ្រឿងផ្ទុះ ត្រួតពិនិត្យគ្រឿងញៀន នៅតាមគោលដៅសំខាន់ៗក្នុងភូមិសាស្រ្តខេត្តសៀមរាប នាពេលរាត្រី។
ប្រភពដដែលបន្តថា ដោយអនុវត្តតាមការណែនាំនិងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កាលពីយប់មិញនេះ កម្លាំងការិយាល័យជំនាញចម្រុះ នៃស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុង-ស្រុក បានចុះត្រួតពិនិត្យអាវុធគ្រឿងផ្ទុះ ត្រួតពិនិត្យគ្រឿងញៀន អនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រួតពិនិត្យជាតិស្រវឹងលើអ្នកបើកបរយានយន្តគ្រប់ប្រភេទ និងធ្វើការអប់រំណែនាំដល់អ្នកបើកបរដែលដាក់តាំងភ្លើងបំភ្លឺផ្លូវខុសលក្ខណៈបច្ចេកទេស, ពាក់មួកការពារសុវត្ថិភាព និងខ្សែក្រវ៉ាត់សុវត្ថិភាពឲ្យបានត្រឹមត្រូវ គ្រប់ពេលដែលធ្វើដំណើរ ។
ដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក សូមបងប្អូនសាធារណជនដែលជាអ្នកប្រើប្រាស់ដងផ្លូវទាំងអស់ សូមយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នឲ្យបានខ្ពស់ក្នុងការធ្វើដំណើរនៅលើដងផ្លូវ ចូលរួមគោរពច្បាប់ចរាចរណ៍ដោយស្មារតីទទួលខុសត្រូវ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃ។
ជាមួយគ្នានេះ ស្នងការនគរបាលខេត្តសៀមរាប ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា សូមគោរពច្បាប់ចរាចរណ៍បើកបរមានសុវត្ថិភាព! មួកសុវត្ថិភាពមួយជួយការពារជីវិតម្នាក់! អ្នកបើកបររថយន្ត និងអ្នករួមដំណើរសូមពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពឲ្យបានត្រឹមត្រូវជាប្រចាំ!
សូមជម្រាបថា កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ជារៀងរាល់ថ្ងៃតែងតែ បានបន្តចុះផ្សព្វផ្សាយអប់រំ រៀបចំសណ្តាប់ធ្នាប់ ណែនាំដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទដែលឈប់ចត ធ្វើដំណើរលើដងផ្លូវឲ្យបើកបរគោរពទៅតាមស្លាកសញ្ញា,គំនូសសញ្ញា,ភ្លើងសញ្ញាចរាចរណ៍,ពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ និងបានចែកជូនសៀវភៅច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងឯកសារពាក់ព័ន្ធមួយចំនួន ព្រមទាំងបានចុះសម្រួលចរាចរណ៍ជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅតាមសាលារៀនជាប្រចាំផងដែរ៕
ដោយ៖ តារា