ខេត្តបាត់ដំបង ៖ នៅថ្ងៃសៅរ៍ ទី២ ខែមីនា ឆ្នាំ២០២៤, លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ នៃខេត្តបាត់ដំបង។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃ, អនុប្រធាន និងសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ព្រមទាំងមន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងសិស្សានុសិស្សប្រមាណជា ២០០០ នាក់។
នៅក្នុងឱកាសនេះ លោក កើត រិទ្ធ បានធ្វើការអបអរសាទរចំពោះ ប្រធាន អនុប្រធាន និងសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ ដែលត្រូវបានប្រកាសតែងតាំងនាពេលនេះ ព្រមទាំងបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋ បានចូលរួមសហការគ្នាយ៉ាងល្អក្នុងការអភិវឌ្ឍមូលដ្ឋានស្រុកបាណន់ឱ្យមានការរីកចម្រើនដូចសព្វថ្ងៃនេះ។
បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ក៏បានផ្តាំផ្ញើ និងណែនាំដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ នូវចំណុចមួយចំនួន រួមមាន៖
(១)-ត្រូវរួមគ្នាបន្តការពារឱ្យបានជាដាច់ខាតនូវសុខសន្តិភាព, ស្ថិរភាពនយោបាយ, ឯករាជ្យ, អធិបតេយ្យជាតិ និងបូរណភាពទឹកដី រួមទាំង ការចូលរួមទប់ស្កាត់នូវការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
(២)-ត្រូវជួយតម្រង់ទិស គាំទ្រ និង ជំរុញការលើកកម្ពស់សមត្ថភាពអាជ្ញាធរនៅមូលដ្ឋាន ដើម្បីពង្រឹងការទទួលខុសត្រូវក្នុងការអនុវត្តកម្មវិធីនយោបាយ និង គោលនយោបាយនានារបស់រាជរដ្ឋាភិបាល សំដៅបម្រើផលប្រយោជន៍ និង សេចក្តីត្រូវការរបស់ប្រជាជននៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព។
(៣)-ត្រូវសហការគាំទ្រដល់មូលដ្ឋាន ដើម្បីធ្វើការវាយតម្លៃអំពីសមត្ថភាពស្ថាប័ន, ធនធានមនុស្ស, សក្តានុពលនៅមូលដ្ឋានដែលបម្រើឱ្យការអភិវឌ្ឍនៅមូលដ្ឋាន សម្រាប់ការរៀបចំផែនការសកម្មភាព សំដៅជំរុញការអភិវឌ្ឍមូលដ្ឋាន, ការលើកកម្ពស់ការផ្តល់សេវាសាធារណៈ និង ការឆ្លើយតបដោះស្រាយបញ្ហាប្រឈមនានានៅមូលដ្ឋានឱ្យបានទាន់ពេលវេលា និង ប្រកបដោយប្រសិទ្ធភាព។
(៤)-ត្រូវជួយគាំទ្រដល់មូលដ្ឋាន ក្នុងការបង្កើនប្រសិទ្ធភាពការងាររបស់ខ្លួន ដើម្បីបម្រើប្រជាជននៅមូលដ្ឋានឱ្យបានល្អប្រសើរ ទាំងលើការបម្រើសេវាសាធារណៈ ទាំងលើការអភិវឌ្ឍនៅមូលដ្ឋានលើគ្រប់វិស័យ សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។
(៥)-ត្រូវខិតខំកៀរគរធនធាន មធ្យោបាយ និង សម្ភារៈពីគ្រប់ប្រភព ក៏ដូចជា ការទាក់ទាញការវិនិយោគនានាមកកាន់មូលដ្ឋាន ដើម្បីចូលរួមគាំទ្រ និង ជួយដល់ការអភិវឌ្ឍមូលដ្ឋាន។
(៦)-ត្រូវចូលរួមផ្តល់ការគាំទ្រ និង ជួយដល់មូលដ្ឋាន ក្នុងការពង្រឹងថែរក្សាសន្តិសុខ និង សណ្តាប់ធ្នាប់ ជាពិសេស ការទប់ស្កាត់ និង បង្ក្រាបឱ្យទាន់ពេលវេលា និង ឱ្យមានប្រសិទ្ធភាពខ្ពស់នូវបទល្មើសនានា សំដៅធានាបាននូវប្រសិទ្ធភាពខ្ពស់នៃការអនុវត្ត “គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព”។
(៧)-ត្រូវបន្តយកចិត្តទុកដាក់ផ្តល់ការគាំទ្រ និង បង្កលក្ខណៈឱ្យកាន់តែងាយស្រួលដល់ការធ្វើសកម្មភាពសេដ្ឋកិច្ច, ការវិនិយោគ, ការធ្វើពាណិជ្ជកម្ម, សេវាកម្មទេសចរណ៍ និង ការប្រកបមុខរបរខ្នាតតូចរបស់ប្រជាពលរដ្ឋ ដើម្បីជំរុញ និង លើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ស្រុក សំដៅបង្កើនការងារ និងបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ។
(៨)-ត្រូវបន្តលើកកម្ពស់ស្មារតីទទួលខុសត្រូវក្នុងការគ្រប់គ្រង, ចាត់ចែង និង ផ្តល់សេវាសាធារណៈនានា នៅតាមអង្គភាពច្រកចេញ-ចូលតែមួយ ដើម្បីធានាឱ្យប្រជាពលរដ្ឋទទួលបានសេវារដ្ឋបាលកាន់តែងាយស្រួល, កាន់តែឆាប់រហ័ស និងមានតម្លាភាព ៕
ដោយ ៖ សិលា