ខេត្តស្វាយរៀង៖ លោក គឹម ធា សមាជិកព្រឹទ្ធសភា ភូមិភាគទី៦(ខេត្តព្រៃវែងនិងខេត្តស្វាយរៀង) បានមានប្រសាសន៍ថា សមិទ្ធផលដែលកើតឡើងនៅ វត្តពោធិ៍ម្អម នេះ គឺមិនមែនកើតឡើងដោយចៃដន្យ នោះទេ នេះក៏ព្រោះតែស្ថានភាពនៃប្រទេសជាតិរបស់យើងទទួលផលពីផ្លែផ្កានៃសុខសន្តិភាព និង ការអភិវឌ្ឍជាតិលើគ្រប់វិស័យ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្ន ក្រោមការដឹក ពីសម្ដេចមហា បវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ការមានប្រសាសន៍បែបនេះធ្វើឡើងនាព្រឹកថ្ងៃទី៣ ខែមីនាឆ្នាំ២០២៤ក្នុងពិធីបុណ្យឆ្លងឧបដ្ឋានសាលានិងសមិទ្ធផលនានានៅវត្តពោធិ៍ម្អមស្ថិតក្នុងភូមិពោធិ៍ម្អម ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដោយមានការអញ្ជើញពីសំណាក់ លោកអភិបាលរងខេត្ត លោកសំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង លោកប្រធានមន្ទីរកសិកម្មនិងរុក្ខាប្រមាញ់ខេត្តនិងលោកអភិបាលរងស្រុក លោកតា លោកយាយបងប្អូនប្រជាពលរដ្ឋ ក្មួយៗសិស្សានុសិស្សនិងពុទ្ធបរិស័ទផងដែរ។
លោក ក៏បានផ្ដាំផ្ញើសាកសួរសុខទុក្ខនឹងនឹករលឹក ពី សំណាក់ សម្ដេចអគ្គមហាសេនាបតី តេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក៏ដូចជាសម្ដេចកិត្តិសង្គហ បណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា ដល់អស់លោក លោកស្រីលោកតាលោកយាយ បងប្អូនប្រជាពលរដ្ឋនិងក្មួយៗសិស្សានុសិស្សដែលបានចូលរួមក្នុងពិធីបុណ្យឆ្លងឧបដ្ឋានសាលានិងសមិទ្ធផលនានានៅវត្តពោធិ៍ម្អម នាពេលនេះផងដែរ។
លោក បានបន្ថែមថា កត្តាសុខសន្តិភាព និង ការអភិវឌ្ឍជាតិនេះហើយ ដែលបានផ្ដល់ឲ្យប្រជាពលរដ្ឋយើងមានជីវភាពធូរធារឡើងពីមួយថ្ងៃ ទៅមួយថ្ងៃ នឹងមានលទ្ធភាពកាន់តែខ្ពស់នៅក្នុងការចូលរួម ចំណែក កសាងសមិទ្ធផលនានាទាំងក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ ជាក់ស្ដែងសមិទ្ធផល ជាច្រើនដែលបានកើតឡើងនៅក្នុងបរិវេណវត្តពោធិ៍ម្អមក្នុងឃុំត្នោតស្រុកកំពង់រោទិ៍យើងនេះ គឺទទួលបានពីការចូលរួមវិភាគទាន ដែលជាសិល្បៈ នៃការចែករំលែករបស់សប្បុរសជន និងពុទ្ធបរិស័ទទាំងអស់ទាំងនៅក្នុងមូលដ្ឋានផ្ទាល់ ក៏ដូចជាមកពីទីជិតឆ្ងាយផងដែរ។
លោក ក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមជួយថែរក្សាការពារនូវសមិទ្ធផលនានា ដែលមានស្រាប់ ជាពិសេសសមិទ្ធផលដែលមាននៅក្នុងទីវត្តអារាមយើងនេះឲ្យបានគង់វង្សយូរអង្វែង ចូលរួមជួយផ្សព្វផ្សាយផលប៉ះពាល់ និងគ្រោះថ្នាក់នៃការសេពគ្រឿងញៀន ដើម្បីទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន ហើយលុបបំបាត់គ្រឿងញៀននៅមូលដ្ឋាន ដើម្បីអនាគតកូនចៅយើង យុវជន និងកុមាររបស់យើង ជាពិសេស សូមថែទាំសុខភាពជាចម្បងប្រកាន់ខ្ជាប់នៅអនាម័យជាប្រចាំពិសេសប្រជាពលរដ្ឋ ប្រើប្រាស់ទឹកដោយ សន្សំសំចៃក្នុងកម្រិតខ្ពស់ ជាពិសេសបណ្តាជនបទដែលនៅឆ្ងាយពីប្រភពទឹកនិងត្រូវយកចិត្តទុកដាក់ និង ប្រុងប្រយ័ត្នខ្ពស់ចំពោះអាកាសធាតុក្តៅហើយស្ងួត បាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ផងដែរ ៕
ដោយ៖ សុថាន