សារព័ត៌មាន Reuters នៅថ្ងៃទី៣ខែមីនា បានផ្សាយថា ក្រសួងការពារជាតិរុស្ស៉ីបានឱ្យដឹងថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានបាញ់កម្ទេចយន្ដហោះដ្រូនអ៊ុយក្រែន៣៨គ្រឿងនៅតំបន់គ្រីមៀ នៅព្រឹកព្រលឹម ថ្ងៃអាទិត្យទី៣ ខែមីនានេះ បន្ទាប់ពីមានសេចក្ដីរាយការណ៍លើបណ្ដាញទំនាក់ទំនងសង្គមអ៊ុយក្រែននិងរុស្ស៉ីពីសំឡេងផ្ទុះដ៏ខ្លាំងនៅឯទីក្រុងកំពង់ផែ Feodosia។
ក្នុងសេចក្ដីថ្លែងការណ៍មួយបង្ហោះលើ Telegram ក្រសួងការពារជាតិរុស្ស៉ីមិនបានឱ្យដឹងថា តើមានការខូចខាត និងជនរងគ្រោះណាម្នាក់ដែរឬក៏យ៉ាងណានោះទេ។ ចំណែក ការធ្វើចរាចរណ៍នៅតាមផ្លូវក្បែរទីក្រុង Feodosia ត្រូវបានរឹតត្បិតយ៉ាងខ្លាំង ខណៈដែលការធ្វើចរាចរណ៍នៅលើស្ពានតភ្ជាប់ទៅកាន់តំបន់គ្រីមៀ ត្រូវផ្អាកជាច្រើនម៉ោង មុននឹងបើកឱ្យធ្វើចរាចរណ៍វិញនៅព្រឹកថ្ងៃអាទិត្យនេះ។
អ៊ុយក្រែនបានបង្កើនការវាយប្រហារគួរឱ្យកត់សម្គាល់លើតំបន់គ្រីមៀ នារយៈពេលប៉ុន្មានខែចុងក្រោយនេះ ហើយលោក ហ្សេលេនស្គីក៏ធ្លាប់បានលើកឡើងដែរថា កងកម្លាំងអ៊ុយក្រែនបានកាត់បន្ថយអំណាចយោធារុស្ស៉ី ក្នុងតំបន់សមុទ្រខ្មៅ ជាមួយការសង្កត់ធ្ងន់ថាការគាំទ្រពីលោកខាងលិចអាចនឹងនាំទៅរកជ័យជម្នះនៃប្រទេសរបស់លោក លើរុស្ស៉ី៕ ដោយ៖ ធីរីណា
រូបថត៖ Sputnik