ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់ជិះឡំប្រឺតាមកលួចម៉ូតូ គេចខ្លួនបាន២ថ្ងៃត្រូវសមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ៣នាក់បានជិះឡំប្រឺតាមកធ្វើសកម្មភាព លួចម៉ូតូបានសម្រេចគេចខ្លួនបាន២ថ្ងៃត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន២នាក់ នៅវេលាម៉ោង៦ល្ងាចថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤ នៅចំណុចផ្លូវបេតុង ក្រុមទី១៤ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ចំណែកបក្សពួកម្នាក់ទៀតបានគេចខ្លួនបាត់។

ករណីលួចម៉ូតូនេះបានកើតឡើងកាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ ម៉ោង ១២ និង ៤៥នាទីរសៀលនៅចំណុចផ្ទះលេខD០១ ផ្លូវបេតុង ក្រុមទី១០ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។

លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ផេង សុខជួង ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅកន្លែងកើតហេតុ។

ចំណែកជនសង្ស័យមានគ្នាបីនាក់

ទី១.ឈ្មោះ ធួន ប៊ុនទី ភេទប្រុស អាយុ២៨ឆ្នាំមានទីលំនៅមិនពិតប្រាកដ ជាអ្នកបើកកង់បី(ឃាត់ខ្លួន)។

២.ឈ្មោះហៃ ស្រីនាង ហៅស្រីពេជ្រ ភេទស្រី មានទីលំនៅមុខរបរមិនពិតប្រាកដ(មានសារធាតុញៀន) (ឃាត់ខ្លួន)។

៣.ឈ្មោះ ឡាយ ភេទប្រុស អាយុប្រហែល២១ឆ្នាំ ទីលំនៅមុខរបរ មិនពិតប្រាកដ(គេចខ្លួនបាត់)ជាអ្នកដៃដល់។

លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវបានដឹងទៀតថា មុនពេលកើតហេតុជនរងគ្រោះបានចតម៉ូតូនៅចំហៀងផ្ទះ ចំណែកឯជនសង្ស័យទាំងបីនាក់បានជិះរុឺម៉កមួយគ្រឿងក្នុងគោលបំណងចេញលួចម៉ូតូ ពេលមកដល់កន្លែងកើតហេតុឃើញម៉ូតូជនរងគ្រោះចតនៅចំហៀងផ្ទះក៏ចុះពីលើរុឺម៉កមកធ្វើសកម្មភាពកាច់សោ.កលួចយកទៅបាត់តែម្តង។ក្រោយមកជនរងគ្រោះមកដាក់ពាក្យបណ្តឹងសមត្ថកិច្ចជំនាញខណ្ឌប៉ុស្តិ៍បើកការស្រាវតាមកាំមេរ៉ាសុវត្ថិភាព លុះដល់ម៉ោង៦ល្ងាចថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤ នៅចំណុចផ្លូវបេតុង ក្រុមទី១៤ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ សមត្ថកិច្ចយើងឃាត់បានជនសង្ស័យពីរនាក់រួមនិងមធ្យោបាយយកមកប៉ុស្តិ៍ដើម្បីសាកសួរនាំ។

ចំពោះសំភារៈបាត់បង់មានម៉ូតូ ០១គ្រឿង ម៉ាកហុងដា Scroopy ពណ៌ស ស៊េរី ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1GR-1242 ។

សម្ភារៈដកហូតរួមមាន៖

១-ឡំប្រឺតា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ១HM ០៥៦២(ជាមធ្យោបាយ)។

២-ដាវចំនួន០១ដើម

២-ដំបងឆក់ចំនួន០១ដើម

៣-ដំបងរលាស់ចំនួន០១ដើម

៤-ដែកលួសកែច្នៃចុងស្រួចមួយកំណាត់សំរាប់ឆ្កឹះសោផ្ទះ ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីសួរនាំនិងបន្តស្វែងរកបក្សពួកនៅសេសសល់កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តទៅតាមនីតិវិធី៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖