សារព័ត៌មាន Reutersបានផ្សាយថា សមាជិកសភានៃសភាជាតិប៉ាគីស្ថាន នៅថ្ងៃអាទិត្យ ទី៣ ខែមីនានេះបានបោះឆ្នោតជ្រើសរើសលោក Shehbaz Sharif ជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេស និងជាលើកទី២ដែលលោកបានកាន់តំណែងកំពូលមួយនេះ។
បើតាមប្រធានសភាជាតិប៉ាគីស្ថាន លោក Ayaz Sadiq លោក Shehbaz Sharif ទទួលបានសំឡេងគាំទ្រពីសមាជិកសភា ២០១រូប ដោយយកឈ្នះលើ គូប្រជែងរបស់លោក គឺលោក Omar Ayub ដែលទទួលបានសំឡេងគាំទ្រ ៩២សំឡេង។ លោក Sharif ត្រូវការសំឡេងគាំទ្រចាំបាច់ ១៦៩ ដើម្បីទទួលបានសំឡេង គាំទ្រភាគច្រើន។
ប៉ុន្តែ ព្រមពេលជាមួយគ្នា សម្ព័ន្ធមិត្តរបស់លោកអតីតនាយករដ្ឋមន្ត្រីImran Khan នៅក្នុងសភាជាតិប៉ាគីស្ថាន បាននាំគ្នាស្រែកប្រឆាំងនឹងការបោះឆ្នោតតែងតាំង លោក Sharif និងចោទប្រកាន់ថា ការបោះឆ្នោតសកលកាលពីខែកុម្ភៈកន្លងទៅត្រូវបានលួចបន្លំ។ លោក Sharif មានអាយុ ៧២ឆ្នាំក៏ធ្លាប់បានកាន់តំណែងជានាយករដ្ឋមន្ត្រីប៉ាគីស្ថានផងដែរ កាលពីឆ្នាំ២០២២ ដល់ខែសីហា ឆ្នាំ២០២៣៕ ដោយ៖ ធីរីណា
រូបថត៖ Reuters