ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់គិតគូរគ្រប់សព្វបែបយ៉ាង រួមទាំងការរៀបចំនិយាមនីតិវិធីប្រតិបត្តិ ដើម្បីផ្តល់ឱកាស ឬផ្តល់ជាវេទិកាសម្រាប់ការបញ្ចេញសមត្ថភាពស្មើៗគ្នា ជូនប្រជាពលរដ្ឋបានចូលរួមប្រឡងប្រជែងក្លាយជាមន្ត្រីរាជការស៊ីវិលក្របខ័ណ្ឌ។ ពិតណាស់ បេក្ខជនទាំងអស់គ្នាសុទ្ធតែមានសមត្ថភាពស្របពេលជាមួយគ្នា ដូច្នេះ អ្វីដែលគួរធ្វើ គឺសូមបេក្ខជនខិតខំប្រឹងប្រែងបញ្ចេញសមត្ថភាពឱ្យបានល្អប្រសើរជាងគេ ដើម្បីទទួលបានលទ្ធផលឈ្នះបេក្ខជនដទៃទៀត ព្រោះនេះជាការប្រឡងប្រជែង។ នេះជាប្រសាសន៍ របស់ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅល្ងាចថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤។
លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ សូមជូនពរបេក្ខជនដែលចូលរួមប្រឡងប្រជែងក្របខ័ណ្ឌអង្គភាពប្រឆាំងអំពើពុករលួយ(ចំនួន២៤៧៩នាក់)នាថ្ងៃនេះ ក្របខ័ណ្ឌក្រសួងសាធារណៈការ និងដឹកជញ្ជូន(ចំនួន១៤២៤នាក់)នាថ្ងៃស្អែក រួមទាំងក្របខ័ណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ(ចំនួន១១៣៨នាក់)នាថ្ងៃបន្ទាប់ សូមទទួលបានលទ្ធផលជាទីគាប់ចិត្ត តាមរយៈការប្រើប្រាស់ចំណេះ ជំនាញ និងសមត្ថភាពរៀងៗខ្លួនពិតប្រាកដ ៕
ដោយ ៖ សិលា