ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ដ្រី ឌិត ទីណា ជួបពិភាក្សាការងារជាមួយលោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋ អាមេរិកប្រចាំកម្ពុជា

ចែករំលែក៖

  ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែមីនា ឆ្នាំ២០២៤នេះ ឯលោកឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលពិភាក្សាការងារជាមួយលោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា នៅទីស្ដីការក្រសួង។ 

  នៅក្នុងជំនួបនេះលោករដ្ឋមន្ដ្រី និងលោកឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហរដ្ឋអាមេរិក នាពេលកន្លងមក។  

 លោក រដ្ឋមន្ដ្រី ឌិត ទីណា បង្ហាញពីគោលនយោបាយនិងកម្មវិធីអាទិភាពនានារបស់​ក្រសួង ដែលនឹងជួយទ្រទ្រងវិស័យកសិកម្មឱ្យរីកចម្រើនប្រកបដោយនិរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថាន។ ក្នុងស្មារតីបញ្ជាក់ពីឆន្ទៈបន្តកិច្ចសហប្រតិបត្តិការរួមគ្នាឱ្យកាន់​តែជិតស្និទ្ធឯកអគ្គរដ្ឋទូត Patrick Murphy អះអាងថា នឹងបន្តគាំទ្រចំពោះគម្រោងនិងកម្មវិធីគោលនយោបាយទាំងឡាយណា ដែលជាអាទិភាពរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។  

 ភាគីទាំងពីរក៏បានជជែកផ្លាស់ប្ដូរយោបល់អំពីគម្រោងដែលនឹងត្រូវអនុវត្តបន្តនាពេលអនាគត ដោយផ្ដោតសំខាន់លើការអភិវឌ្ឍវិស័យកសិកម្ម ការអភិរក្សធនធានធម្មជាតិ និងការទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងពីសត្វមកមនុស្ស ក្រោមគម្រោង One Health។ ចំពោះគម្រោង One Health ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានកត់សម្គាល់អំពីតម្លាភាពនៃការផ្ដល់ព័ត៌មាននៃក្រសួងនិងស្ថាប័នពាក់ព័ន្ធ ដែលបានរួមចំណែកទប់ ស្កាត់ការផ្ទុះរាលដាលនៃជំងឺឆ្លងនានាប្រកបដោយប្រសិទ្ធភាពខ្ពស់។ 

ពាក់ព័ន្ធ​នឹង​ការងារ​នា​ពេល​អនាគតលោក រដ្ឋមន្ដ្រី ឌិត ទីណា បានសម្ដែងការស្វាគមន៍ និងចង់ឱ្យកិច្ចសហ ប្រតិបត្តិការនេះដំណើរការដោយភាពស្មោះត្រង់ មានតម្លាភាព។ ភាគីទាំងពីរបានឯកភាព រៀបចំគណកម្មការតម្រង់ទិសដែលដាក់គំរោងសហប្រតិបត្តិការក្នុងវិស័យកសិកម្មទាំងអស់ចូលក្នុងក្របខណ្ឌនៃការតម្រង់ទិសរួម សំដៅបម្រើផលប្រយោជន៍ប្រជាជននិងប្រជាកសិករកម្ពុជា ឱ្យត្រូវគោលនយោបាយអាទិភាពរបស់រាជ រដ្ឋាភិបាល៕

ដោយ៖ សូរិយា


ចែករំលែក៖