ស្ថាប័នលីកកំពូលអេស្ប៉ាញ La Liga កំពុងវិភាគវីដេអូមួយដែលបង្ហាញថា ខ្សែប្រយុទ្ធ Vinicius Jr ត្រូវបានគេបំពានលើពូជសាសន៍អំឡុងពេលប្រកួតរបស់ Real Madrid នៅទឹកដី Valencia កាលពីថ្ងៃទី២ មីនាកន្លងទៅ។សារព័ត៌មាន The Athletic បានរាយការណ៍ថា វីដេអូដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមត្រូវបានចោទប្រកាន់ថា បង្ហាញអ្នកគាំទ្រកុមារម្នាក់ដឹកនាំការរំលោភបំពានលើកីឡាករខាងលើ។
Vinicius បានស៊ុតបាល់បញ្ចូលទី២គ្រាប់ក្នុងលទ្ធផលស្មើ ២–២ កាលពីថ្ងៃសៅរ៍ ហើយបានអបអរដោយការលើកកណ្តាប់ដៃរបស់គាត់ឡើងទៅលើ។ កីឡាករវ័យ២៣ឆ្នាំរូបនេះបានប្រឈមមុខនឹងការរំលោភបំពានការរើសអើងជាតិសាសន៍ជាច្រើនដងក្នុងអំឡុងពេលរបស់គាត់នៅក្នុងប្រទេសអេស្ប៉ាញ។
កាលពីក្នុងខែឧសភា ឆ្នាំ២០២៣ Vinicius បាននិយាយថា “La Liga ជាកម្មសិទ្ធិរបស់អ្នករើសអើងជាតិសាសន៍” បន្ទាប់ពីគាត់ត្រូវបានបំពានដោយអ្នកគាំទ្រក្រុម Valencia នៅ Mestalla។ ក្រោយមកមនុស្ស៣នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការរំលោភបំពាននេះ ហើយក្លិប Valencia ត្រូវបានពិន័យ និងបញ្ជាឱ្យបិទកីឡដ្ឋានរបស់ពួកគេមួយផ្នែកសម្រាប់ការប្រកួតចំនួន៥ក្រោយមកទៀតត្រូវបានកាត់បន្ថយមកត្រឹម៣នាក់តាមការប្តឹងឧទ្ធរណ៍។
ការរំលោភបំពានការរើសអើងជាតិសាសន៍ទៅលើ Vinicius បានប្រឈមមុខក្នុងរយៈពេល១៨ខែចុងក្រោយនេះរួមមាន៖
ខែកញ្ញា ឆ្នាំ២០២២ ៖ អ្នកគាំទ្រ Atletico Madrid មួយចំនួនបានច្រៀងចម្រៀងរើសអើងជាតិសាសន៍ទៅកាន់ Vinicius នៅខាងក្រៅកីឡដ្ឋាន Metropolitano របស់ពួកគេ មុនពេល Real Madrid លេងពួកគេ។ Atletico Madrid ក្រោយមកបានថ្កោលទោសការស្រែកថា មិនអាចទទួលយកបានដោយអ្នកគាំទ្រភាគតិច។
ខែកញ្ញា ឆ្នាំ២០២២ដដែល ៖ មនុស្សមួយចំនួននៅក្នុងប្រទេសអេស្ប៉ាញបានរិះគន់ការប្រារព្ធពិធីអបអរគ្រាប់បាល់បញ្ចូលទីរបស់ Vinicius ដែលគាត់បានរាំដោយលក្ខណៈឌឺដង។ គាត់បានឆ្លើយតបដោយនិយាយថា “សុភមង្គលរបស់ជនជាតិប្រេស៊ីលស្បែកខ្មៅនៅអឺរ៉ុប” គឺនៅពីក្រោយការរិះគន់។
ខែធ្នូ ឆ្នាំ២០២២ ៖ Vinicius ហាក់ដូចជាទទួលរងនូវការបំពានលើការរើសអើងជាតិសាសន៍នៅ Valladolid ខណៈពេលដែលគាត់បានដើរកាត់អ្នកគាំទ្របន្ទាប់ពីត្រូវបានប្តូរ។ នៅខែបន្ទាប់ La Liga បានអះអាងថា ខ្លួនបានដាក់ការចោទប្រកាន់ទាក់ទងនឹងការបំពានការរើសអើងជាតិសាសន៍របស់ Vinicius ទៅស្ថាប័នតុលាការ រដ្ឋបាល និងកីឡាដែលពាក់ព័ន្ធ ។
ខែមករា ឆ្នាំ២០២៣ ៖ រូបសំណាករបស់ខ្សែបម្រើស្លាបរបស់ក្លិប Real Madrid ត្រូវបានព្យួរពីលើស្ពាននៅជិតកន្លែងហ្វឹកហាត់របស់ក្លិប មុនពេលការប្រកួតជាមួយនឹងក្រុម Atletico Madrid ក្នុងពានរង្វាន់ Copa del Rey ។ ក្លិប Atletico Madrid បានអះអាងថា ឧបទ្ទវហេតុនេះគឺគួរឱ្យស្អប់ខ្ពើម។
ខែកុម្ភៈ ឆ្នាំ២០២៣ ៖ អ្នកគាំទ្រក្រុម Mallorca ត្រូវបានគេថតបានថា បានបំពានលើកីឡាករប្រេស៊ីលរូបនេះ ក្នុងអំឡុងពេលប្រកួតជាមួយក្រុម Real Madrid។
ខែមីនា ឆ្នាំ២០២៣ ៖ La Liga បានឲ្យដឹងថា “អាកប្បកិរិយារើសអើងជាតិសាសន៍ដែលមិនអាចអត់អោនបានត្រូវបានសង្កេតឃើញម្តងទៀតប្រឆាំងនឹង Vinicius” នៅក្នុងការប្រកួតជាមួយ Barcelona ហើយបានរាយការណ៍ពីការប្រមាថជាតិសាសន៍ទៅកាន់តុលាការក្រុង Barcelona។
ខែឧសភា ឆ្នាំ២០២៣ ៖ Vinicius បានរងការរំលោភបំពានជាតិសាសន៍ប្រឆាំងនឹង Valencia។ ក្រោយមកមនុស្ស៣នាក់ត្រូវបានឃុំខ្លួនពាក់ព័ន្ធនឹងការរំលោភបំពាន។
ខែតុលា ឆ្នាំ២០២៣ ៖ Vinicius បានសរសើរ Sevilla សម្រាប់ការចេញមុខយ៉ាងឆាប់រហ័ស និងរាយការណ៍ពីអ្នកគាំទ្រម្នាក់ទៅអាជ្ញាធរពីបទបំពានលើគាត់។
ខែតុលា ឆ្នាំ២០២៣ដដែល ៖ Barcelona បានបើកការស៊ើបអង្កេតបន្ទាប់ពី Vinicius ត្រូវបានអ្នកគាំទ្រចោទប្រកាន់ថាបានធ្វើបាបបន្ទាប់ពីត្រូវបានប្តូរចេញក្នុងអំឡុងពេលជំនួប El Clasico ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)