ភ្នំពេញ៖ យោងតាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានឱ្យដឹងនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤នេះថា មន្ត្រីជំនាញ នៃសាខា ក.ប.ប. ខេត្តស្ទឹងត្រែង ខេត្តកែប ខេត្តកំពង់ស្ពឺ និងខេត្តស្វាយរៀង រកឃើញទំនិញពុំមានអនុលោមភាព ៣៦.៥គីឡូក្រាម។
ប្រភពដដែលបន្តថា ក្នុងប្រតិបត្តិការនោះ ចាប់ពីថ្ងៃទី២៩ ខែកុម្ភៈ ដល់ថ្ងៃ៤ ខែមីនា ឆ្នាំ២០២៤ ស្របតាមតួនាទីនិងភារកិច្ចរបស់ខ្លួនដែលផ្តល់ឱ្យដោយច្បាប់ មន្ត្រីអធិការកិច្ចម្ហូបអាហារនៃសាខា ក.ប.ប. ខេត្តខាងលើ បានបន្តចុះឃ្លាំពិនិត្យ និងត្រួតពិនិត្យទីផ្សារ ដោយបានយកចិត្តទុកដាក់លើទំនិញចម្រុះគ្រប់ប្រភេទ ក្នុងទិសដៅជំរុញអនុលោមភាពនៃច្បាប់ និងការពារសុខុមាលភាពប្រជាពលរដ្ឋ។
ជាក់ស្តែង នាថ្ងៃខែឆ្នាំខាងលើ មន្ត្រីជំនាញ បានរកឃើញទំនិញចម្រុះ ហួសកាលបរិច្ឆេទប្រើប្រាស់ ខូចគុណភាពចំនួន ១៣គីឡូ ,ពពុះសណ្តែកនិងងៀតបបែលមានផ្ទុកសារធាតុគីមីហាមឃាត់ចំនួន ១៣គីឡូ, ភេសជ្ជៈរំលោភសិទ្ធិផ្តាច់មុខចំនួន ៨គីឡូ និងប៊ីចេងក្លែងក្លាយចំនួន ២.៥គីឡូ ពោលគឺទំនិញពុំមានអនុលោមភាពតាមច្បាប់និងបទប្បញ្ញត្តិសរុបទាំងអស់ចំនួន ៣៦.៥គ.ក។ ទំនិញទាំងអស់នេះត្រូវបានមន្ត្រីជំនាញ បានដកហូតយកមករក្សាទុកនៅស្នាក់ការសាខា ដើម្បីបន្តនីតិវិធីនាពេលក្រោយ។
សូមជម្រាបថា ដើម្បីការពារផលប្រយោជន៍អ្នកប្រើប្រាស់ ក៏ដូចជាការការពារសុខុមាលភាពប្រជាពលរដ្ឋ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានផ្តោតការយកចិត្តទុកដាក់ខ្ពស់ ដោយបានណែនាំជាប្រចាំ និងចង្អុលបង្ហាញដល់លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. ដែលជាសេនាធិការ ពង្រឹងឱ្យខានតែបាននូវ ការត្រួតពិនិត្យជាប្រចាំ និងនៅទូទាំងប្រទេស ដើម្បីធានាបាននូវទំនិញម្ហូបអាហារប្រកបដោយគុណភាព និងមានសុវត្ថិភាពខ្ពស់ និងបន្តអប់រំឱ្យប្រតិបត្តិករអាជីវកម្មម្ហូបអាហារ ប្រកបអាជីវកម្មរបស់ខ្លួនដោយសុចរិត និងស្វែងយល់ពីអំពើល្មើសពាក់ព័ន្ធនឹងការប្រកបអាជីវកម្មដែលបង្កឱ្យមានហានិភ័យដល់សុខភាពប្រជាពលរដ្ឋ ក្នុងការប្រើប្រាស់សារធាតុគីមីហាមឃាត់ ឬការប្រើប្រាស់លើសកម្រិតជាដើម៕
ដោយ៖ តារា