ភ្នំពេញ ៖ សារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នៅក្នុងឱកាសប្រារព្ធខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤
សូមក្រាបបង្គំទូលថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត!
នៅក្នុងឱកាសដ៏មហាសិរីមង្គលាភិរម្យប្រសើរថ្លៃថ្លាបំផុតប្រកបដោយក្តីសោមនស្សរីករាយឥតឧបមា នៃការប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ដែលជាព្រឹត្តិការណ៍សកល ហើយដែលមហាសន្និបាតអង្គការ សហប្រជាជាតិបានប្រកាសជាទិវារបស់អង្គការសហប្រជាជាតិស្តីពី សិទ្ធិស្ត្រីនិងសន្តិភាពពិភពលោក នាឆ្នាំ១៩៧៧។ ជារៀងរាល់ឆ្នាំ ព្រះរាជាណាចក្រកម្ពុជាបានរៀបចំយុទ្ធនាការទិវាអន្តរជាតិនារី ៨មីនា ដើម្បីរំលឹកអំពីការតស៊ូទាមទារ សិទ្ធិស្មើគ្នា សេរីភាព និងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការជាវិជ្ជមាននានា នៅក្នុងការលើកកម្ពស់សមភាពយេនឌ័រនិងបង្កើនភាពអង់អាចដល់ស្ត្រីនិងក្មេងស្រីគ្រប់រូប។ តាងនាមរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ទូលព្រះបង្គំជាខ្ញុំនិងភរិយា សូមព្រះបរមរាជានុញ្ញាតសម្តែងនូវអំណរសាទរយ៉ាងក្រៃលែង ចូលរួមថ្វាយនូវព្រះស័ព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ថ្វាយចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទ្រង់សមប្រកបដោយ ព្រះរាជបញ្ញាញាណភ្លឺថ្លា ព្រះកាយពលសិរីវឌ្ឍនា ព្រះរាជសុខភាពល្អបរិបូរណ៍ និងព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ចាកផុតពីព្រះរោគាព្យាធិនានា ជាអង្វែងតរៀងទៅ។ ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នាសូមព្រះបរមរាជានុញ្ញាតថ្វាយនូវ កតញ្ញូតាធម៌និងកតវេទិតាធម៌យ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះអង្គ ដែលបានចំណាយព្រះកាយពលនិងព្រះបញ្ញាញាណ លើកស្ទួយវិស័យព្រះពុទ្ធសាសនា សង្គមកិច្ច អប់រំសិក្សាធិការ សុខុមាលភាព និងសុខដុមរមនាសង្គម ជាពិសេស ព្រះអង្គទ្រង់សព្វព្រះរាជហឫទ័យគង់ជាព្រះប្រធានកិត្តិយសនៃកាកបាទក្រហមកម្ពុជា ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី និងសមាគមកាយឫទ្ធិនារីកម្ពុជា ដែលបានចូលរួមចំណែកយ៉ាងប្រសើរថ្លៃថ្លាបំផុត ក្នុងការជួយលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ និងលើកតម្កើងតួនាទីរបស់ស្ត្រីនៅព្រះរាជាណាចក្រកម្ពុជា។
នាឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់យ៉ាងច្បាស់ថា ការលើកកម្ពស់តួនាទីស្ត្រីនៅក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ត្រូវបានចាត់ទុកថា ជាកាលានុវត្តភាពនិងកាតាលីករថ្មីមួយសម្រាប់ការសម្រេចបាននូវសមភាពយេនឌ័រ និងការ អភិវឌ្ឍសេដ្ឋកិច្ច សង្គម ប្រកបដោយបរិយាបន្ន។ ទូលព្រះបង្គំជាខ្ញុំ នៅក្នុងពិធីបិទសន្និបាតរបស់ក្រសួងកិច្ចការនារី កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ខ្ញុំបានផ្ដល់អនុសាសន៍លើកទឹកចិត្តឱ្យក្រសួងកិច្ចការនារី ដោយសហការជាមួយ ក្រសួង ស្ថាប័នពាក់ព័ន្ធ ផ្តោតការយកចិត្តទុកដាក់លើការដោះស្រាយគម្លាតយេនឌ័រក្នុងវិស័យឌីជីថល ជាពិសេសការបង្កើនការចូលរួមរបស់ស្ត្រីនិងក្មេងស្រីនៅក្នុងវិស័យឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការ អប់រំចំណេះដឹង និងជំនាញផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា។
នៅក្នុងក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជាឆ្នាំ២០២១-២០៣៥ រាជរដ្ឋាភិបាល ផ្តោតលើការកសាងសសរស្ដម្ភចំនួន៣សំខាន់ៗគឺ ពលរដ្ឋឌីជីថល រដ្ឋាភិបាលឌីជីថល និងធុរកិច្ចឌីជីថល។ ផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជាឆ្នាំ២០៣០ ក៏បានកំណត់អំពីការអភិវឌ្ឍធនធានមនុស្ស ដោយកំណត់និស្សិតសាកលវិទ្យាល័យ៥០% ត្រូវបញ្ចប់ការសិក្សាក្នុងមុខវិជ្ជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង គណិតវិទ្យា ដែលនៅក្នុងនោះមាននិស្សិត៤០%ជាស្ត្រី នៅត្រឹមឆ្នាំ២០៣០។ ខួបលើកទី១១៣ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ខាងមុខនេះ នឹងត្រូវប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ស្ត្រីនិងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល ក្នុងគោលបំណងរំលេចអំពីសក្តានុពល និងភាពចាំបាច់នៃការលើកកម្ពស់ការចូលរួមនិងភាពជាតំណាងរបស់ស្ត្រីនិង ក្មេងស្រីក្នុងវិស័យឌីជីថល ប្រកបដោយប្រសិទ្ធភាពនិងសុវត្ថិភាព។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើនការងារសមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយកំណត់យក អាទិភាពគន្លឹះចំនួន៥ រួមមានមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ក្នុងនោះ រាជរដ្ឋាភិបាលបានចាត់ទុកបច្ចេកវិទ្យា ឌីជីថលជាកាតាលីករថ្មីដ៏មានសារៈសំខាន់ ដែលមានសក្តានុពលនិងកាលានុវត្តភាពក្នុងការជំរុញផលិតភាពសេដ្ឋកិច្ច និងសង្គម ការផ្តោតការយកចិត្តទុកដាក់លើការធានាឱ្យបាននូវការកសាងអ្នកដឹកនាំឌីជីថល ដើម្បីជំរុញឱ្យការធ្វើ អន្តរកម្មរបស់ប្រជាពលរដ្ឋគ្រប់រូបនៅក្នុងប្រព័ន្ធអេកូឡូស៊ីនៃសេដ្ឋកិច្ចនិងសង្គមឌីជីថល កាន់តែមានស័ក្តិសិទ្ធិភាព ក៏ដូចជាប្រសិទ្ធភាពនៃការងាររដ្ឋបាល ដោយផ្តោតលើការផ្តល់សេវាគ្រប់ប្រភេទ ដែលមានលក្ខណៈងាយស្រួលនិង កាន់តែខិតជិតប្រជាពលរដ្ឋ សំដៅធ្វើឱ្យជីវភាពរស់នៅរបស់ស្ត្រីនិងក្មេងស្រី ព្រមទាំងគ្រួសារមានភាពល្អប្រសើរឡើង និងរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រនិងភាពងាយរងគ្រោះ។
ជាថ្មីម្តងទៀត ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នាសូមព្រះបរមរាជានុញ្ញាតលើកហត្ថប្រណម្យបួងសួងដល់វត្ថុ ស័ក្តិសិទ្ធិទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ទេវតាថែរក្សាឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ព្រះនាម កិមិរាទេវី ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ បុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសបុណ្យបារមី ព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ សូមព្រះអង្គតាមជួយ បីបាច់ថែរក្សា អភិបាល និងប្រោះព្រំព្រះសព្ទសាធុការពរជ័យគ្រប់ប្រការ ថ្វាយចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទ្រង់សមប្រកប ដោយព្រះពុទ្ធពរដ៏ឧត្តុង្គឧត្តម ថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ ជាភិយ្យោភាពតរៀងទៅ។
សូមសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ព្រះមេត្តាទទួលនូវព្រះរាជភក្ដីភាពនិងអភិវន្ទនាការដ៏ខ្ពង់ខ្ពស់បំផុតពីទូលព្រះបង្គំជាខ្ញុំនិងភរិយា ៕
ដោយ ៖ សិលា