ប្រទេសអូស្ត្រាលី៖ នារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម អេនថូនី អាល់បានីស៊ី (Anthony Albanese) នាយករដ្ឋមន្ត្រីអូស្ត្រាលី បានជួបពិភាក្សាការងារទ្វេភាគី ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។
ជាកិច្ចចាប់ផ្តើម សមភាគីទាំងពីរបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគ្នាទៅវិញទៅមកដោយក្ដីសោមនស្សរីករាយ។ ក្នុងជំនួបនេះ ឯកឧត្តម អេនថូនី អាល់បានីស៊ី បានរំឭកពីទំនាក់ទំនងដ៏យូរអង្វែងរវាងកម្ពុជា-អូស្រ្តាលី ជាង៧ទសវត្សរ៍មក ពោលគឺមុនពេលដែលប្រទេសកម្ពុជាទទួលបានឯករាជ្យទៅទៀត។ នេះបង្ហាញអំពីទំនាក់ទំនងដ៏ល្អប្រសើរ ហើយប្រជាជននៃប្រទេសទាំងពីរទទួលបានផលប្រយោជន៍ទៅវិញទៅមកនៅក្នុងទំនាក់ទំនងដ៏ល្អប្រសើរនេះ។ ឯកឧត្តមនាយករដ្ឋមន្ត្រីអូស្ត្រាលី ក៏បានសម្ដែងនូវការគាំទ្រ និងបង្ហាញពីការពេញចិត្តក្នុងការពិភាក្សាលើការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ជាមួយគ្នានេះដែរ ឯកឧត្តមនាយករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះប្រទេសកម្ពុជា ដែលលោកបានមានប្រសាសន៍ថា៖ “កម្ពុជាគឺជាប្រទេសមួយដ៏អស្ចារ្យ និងមានភាពរឹងមាំ ទោះបីជាឆ្លងកាត់នូវការលំបាកក្នុងរបបប្រល័យពូជសាសន៍ក៏ដោយ ក៏កម្ពុជានៅតែអស្ចារ្យ និងបន្តដំណើរទៅមុខទៀត”។
ជាការឆ្លើយតប សម្ដេចធិបតីក៏បានថ្លែងអំណរគុណ និងបានជម្រាបជូន ឯកឧត្តម អេនថូនី អាល់បានីស៊ី ថា៖ “កម្ពុជាសូមថ្លែងអំណរគុណដល់ប្រជាជន និងរដ្ឋាភិបាលអូស្រ្តាលី ដែលបានជួយគាំទ្រដល់កម្ពុជា ជាពិសេសនៅក្នុងអំឡុងពេលនៃការស្វែងរកសន្តិភាពជូនកម្ពុជានៅក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ ហើយការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជាមិនអាចកើតឡើងបានឡើយ បើមិនមានការគាំទ្រ និងការយកចិត្តទុកដាក់ និងការផ្តល់ជំនួយលើវិស័យគន្លឹះ ដែលរួមមាន៖ វិស័យកសិកម្ម សុខាភិបាល ការបោសសម្អាតមីន សន្តិសុខ ការពារសន្តិសុខ និងវិស័យផ្សេងៗទៀត”។ ក្នុងក្របខ័ណ្ឌនៃការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ សម្តេចធិបតី បានជម្រាបជូន ឯកឧត្តមនាយករដ្ឋមន្ត្រី អំពីវិស័យសំខាន់ៗសម្រាប់កិច្ចសហប្រតិបត្តិការ ដែលរួមមាន ដូចជា៖ វិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច, ការអប់រំ និងការងារ និងផ្នែកការពារជាតិ។ សម្តេចធិបតី ក៏បានបញ្ជាក់ថា សម្តេចបានបង្ហាញអំពីការទាក់ទាញការវិនិយោគពីធុរជនអូស្ត្រាលី នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-អូស្ត្រាលីកាលពីព្រឹក និងបានស្វាគមន៍ចំពោះការចុះកិច្ចព្រមព្រៀងស្តីពីសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ដែលជាកត្តាជំរុញដល់វិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។ ជាកិច្ចបញ្ចប់សម្តេចធិបតីបានអញ្ជេីញឯកឧត្តមនាយករដ្ឋមន្ត្រីអូស្ត្រាលីដេីម្បីធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជាក្នុងពេលវេលាសមស្របណាមួយនាពេលអនាគត។
ឯកឧត្តមនាយករដ្ឋមន្រ្តីអូស្រ្តាលីបានស្វាគមន៍ទទួលយកការស្នើអំពីវិស័យនៃសហប្រតិបត្តិការទាំងនេះ និងសម្តែងការរីករាយទទួលយកការអញ្ជេីញរបស់សម្តេចធិបតីដេីម្បីធ្វើទស្សនកិច្ចផ្លូវការនៅកម្ពុជានាពេលសមស្របខាងមុខ ៕
ដោយ៖ សិលា