ភ្នំពេញ ៖ នៅក្នុងឱកាសដ៏មហាសិរីមង្គលាភិរម្យប្រសើរថ្លៃថ្លាបំផុត ប្រកបដោយសេចក្តីសោមនស្សរីករាយឥតឧបមា ដែលនារី នៅទូទាំងសកលលោកក៏ដូចជានារីនៅព្រះរាជាណាចក្រកម្ពុជា កំពុងអបអរសាទរការប្រារព្ធខួបលើកទី ១១៣ នៃទិវា អន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ “ស្ត្រី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល” ក្នុងគោលបំណងរំលេចអំពី សក្តានុពល និងភាពចាំបាច់នៃការលើកកម្ពស់ការចូលរួម និងភាពជាតំណាងរបស់ស្ត្រីនិងក្មេងស្រីក្នុងវិស័យឌីជីថល ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព តាងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកា និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃរដ្ឋសភា និងក្នុងនាមនាងខ្ញុំផ្ទាល់ នាងខ្ញុំសូមសម្តែងនូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ ព្រមជាមួយអំណរសាទរ យ៉ាងក្រៃលែង និងសូមប្រសិទ្ធពរជ័យ សិរីមង្គលមហាប្រសើរជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមបានប្រកប ដោយសុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លា និងជន្មាយុយឺនយូរតរៀងទៅ។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវការគោរពដោយស្មោះអស់ពីដួងចិត្ត និងការគោរពកោតសរសើរដ៏ខ្ពង់ខ្ពស់បំផុតចំពោះគំរូវីរភាពដ៏ប្រពៃថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាឥស្សរជនកំពូលជាតិស្ត្រីដ៏ឆ្នើមមួយរូប ដែលជានិច្ចកាលបានខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ យកអស់កម្លាំងកាយ កម្លាំងចិត្តប្រាជ្ញាស្មារតី និងបទពិសោធក្នុងការដឹកនាំចលនាកាកបាទក្រហមកម្ពុជាឱ្យទទួលបានជោគជ័យដ៏ត្រចះត្រចង់ ជាពិសេសការលើកកម្ពស់តម្លៃ និងតួនាទីស្ត្រីកម្ពុជាឱ្យមានការយល់ដឹង និងទទួលស្គាល់កាន់តែខ្លាំងក្លាពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ និងការកសាងមជ្ឈមណ្ឌលថែរក្សាកុមារកំព្រា និងមជ្ឈមណ្ឌលអភិវឌ្ឍន៍នានា សំដៅលើកកម្ពស់សុខុមាលភាពស្ត្រីនិងកុមារព្រមទាំងការផ្តល់ជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់ក្នុងការគាំពារស្ត្រី និងកុមារ។ រយៈពេលកន្លងមកនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបំពេញតួនាទីដ៏ឧត្តុង្គឧត្តម ជាភរិយាល្អ មាតាល្អ និងជីដូនប្រកបដោយព្រហ្មវិហារធម៌ព្រមទាំងបានរួមដំណើរជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ គ្រប់កាលៈទេសៈក្នុងការដឹកនាំប្រទេសជាតិឱ្យមានសុខសន្តិភាពពេញបរិបូរណ៍ បូរណភាពទឹកដីដ៏រឹងមាំយូរអង្វែង និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យរីកចម្រើនឥតឈប់ឈរជាបន្តបន្ទាប់លើគ្រប់វិស័យ និងមានកិត្យានុភាពនៅលើឆាកអន្តរជាតិ។
ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតា ថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយប្រោះព្រំសព្ទសាធុការពរ បវរសួស្តី ជ័យមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការ ជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោ ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រីជាទីស្រលាញ់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោ មេត្តាទទួលនូវគារវកិច្ចដ៏ស្មោះស្ម័គ្រ និងអភិវន្ទនកិច្ចដ៏ខ្ពង់ខ្ពស់អំពីយើងខ្ញុំទាំងអស់គ្នា ៕
ដោយ ៖ សិលា