ភ្នំពេញ ៖ សារលិខិតជូនពរ សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសប្រារព្ធខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤
សម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា ជាទីគោរពដ៏ខ្ពង់ខ្ពស់!
នៅក្នុងឱកាសដ៏វិសេសវិសាលប្រសើរថ្លៃថ្លានៃការប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ដែលជា ព្រឹត្តិការណ៍សកល ហើយដែលមហាសន្និបាតអង្គការសហប្រជាជាតិបានប្រកាសជាទិវារបស់អង្គការសហប្រជាជាតិ ស្តីពី សិទ្ធិស្ត្រីនិងសន្តិភាពពិភពលោក នាឆ្នាំ១៩៧៧។ ជារៀងរាល់ឆ្នាំ ព្រះរាជាណាចក្រកម្ពុជាបានរៀបចំយុទ្ធនាការ ទិវាអន្តរជាតិនារី ៨មីនា ដើម្បីរំលឹកអំពីការតស៊ូទាមទារសិទ្ធិស្មើគ្នា សេរីភាព និងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការជាវិជ្ជមាននានា នៅក្នុងការលើកកម្ពស់សមភាពយេនឌ័រនិងបង្កើនភាព អង់អាចដល់ស្ត្រីនិងក្មេងស្រីគ្រប់រូប។ តាងនាមថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃទីស្ដីការគណៈរដ្ឋមន្ត្រី ខ្ញុំនិងភរិយា សូមសម្តែងនូវមនោសញ្ចេតនាសោមនស្សរីករាយឥតឧបមាចូលរួមជូននូវសព្ទសាធុការពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរគ្រប់ប្រការដោយសេចក្តីគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះ សម្ដេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា សូមសម្តេចបានសមប្រកបដោយបញ្ញាញាណភ្លឺថ្លា កាយពលរឹងមាំ សុខភាពល្អបរិបូរណ៍ និង ជន្មាយុយឺនយូរតរៀងទៅ។
នាឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់យ៉ាងច្បាស់ថា ការលើកកម្ពស់តួនាទីស្ត្រីនៅក្នុងការប្រើប្រាស់បច្ចេកវិទ្យា ឌីជីថលត្រូវបានចាត់ទុកថា ជាកាលានុវត្តភាពនិងកាតាលីករថ្មីមួយសម្រាប់ការសម្រេចបាននៅសមភាពយេនឌ័រ និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ប្រកបដោយបរិយាបន្ន។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅក្នុងពិធីបិទ សន្និបាតរបស់ក្រសួងកិច្ចការនារី កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ បានផ្ដល់អនុសាសន៍លើកទឹកចិត្តឱ្យក្រសួង កិច្ចការនារី ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ផ្ដោតការយកចិត្តទុកដាក់លើការដោះស្រាយគម្លាតយេនឌ័រ ក្នុងវិស័យឌីជីថល ជាពិសេស ការបង្កើនការចូលរួមរបស់ស្ត្រីនិងក្មេងស្រីនៅក្នុងវិស័យឌីជីថល និងការប្រើប្រាស់ បច្ចេកវិទ្យាឌីជីថល ក្នុងការអប់រំចំណេះដឹង និងជំនាញផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា។ នៅក្នុងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជាឆ្នាំ២០២១-២០៣៥ រាជរដ្ឋាភិបាល ផ្តោតលើ ការកសាងសសរស្ដម្ភចំនួន៣សំខាន់ៗគឺ ពលរដ្ឋឌីជីថល រដ្ឋាភិបាល ឌីជីថល និងធុរកិច្ចឌីជីថល។ ផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជាឆ្នាំ២០៣០ ក៏បានកំណត់អំពីការអភិវឌ្ឍធនធានមនុស្សដោយកំណត់ និស្សិតសាកលវិទ្យាល័យ៥០% ត្រូវបញ្ចប់ការសិក្សាក្នុងមុខវិជ្ជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ដែលនៅក្នុងនោះមាននិស្សិត៤០% ជាស្ត្រីនៅត្រឹមឆ្នាំ២០៣០។
ខួបលើកទី១១៣ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ខាងមុខនេះ នឹងត្រូវប្រារព្ធធ្វើឡើងក្រោម ប្រធានបទ « ស្ត្រីនិងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល – ក្នុងគោលបំណងរំលេចអំពីសក្តានុពល និងភាពចាំបាច់នៃ ការលើកកម្ពស់ការចូលរួមនិងភាពជាតំណាងរបស់ស្ត្រីនិងក្មេងស្រី ក្នុងវិស័យឌីជីថលប្រកបដោយប្រសិទ្ធភាព និង សុវត្ថិភាព។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារសមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយកំណត់យកអាទិភាពគន្លឹះចំនួន៥ រួមមានមនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា។ ក្នុងនោះ រាជរដ្ឋាភិបាលបានចាត់ទុកបច្ចេកវិទ្យាឌីជីថលជាកាតាលីករថ្មីដ៏មានសារៈសំខាន់ដែលមាន សក្តានុពលនិងកាលានុវត្តភាពក្នុងការជំរុញផលិតភាពសេដ្ឋកិច្ចនិងសង្គម ការផ្តោតការយកចិត្តទុកដាក់លើការធានា ឱ្យបាននូវការកសាងអ្នកដឹកនាំឌីជីថល ដើម្បីជំរុញឱ្យការធ្វើអន្តរកម្មរបស់ប្រជាពលរដ្ឋគ្រប់រូបនៅក្នុងប្រព័ន្ធអេកូឡូស៊ី នៃសេដ្ឋកិច្ចនិងសង្គមឌីជីថលកាន់តែមានសក្តិសិទ្ធិភាព ក៏ដូចជាប្រសិទ្ធភាពនៃការងាររដ្ឋបាល ដោយផ្តោតលើការ ផ្តល់សេវាគ្រប់ប្រភេទ ដែលមានលក្ខណៈងាយស្រួលនិងកាន់តែខិតជិតប្រជាពលរដ្ឋ សំដៅធ្វើឱ្យជីវភាពរស់នៅ របស់ស្ត្រីនិងក្មេងស្រី ព្រមទាំងគ្រួសារមានភាពល្អប្រសើរឡើងរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ និងភាពងាយរងគ្រោះ។
ឆ្លៀតក្នុងឱកាសដ៏បវរសួស្ដីវិសេសវិសាលប្រពៃថ្លៃថ្លានេះផងដែរ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុសក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សា ឆ្នាំថោះ បញ្ចស័ក ព្រះនាម កិមិរាទេវី សូមព្រះអង្គតាមជួយថែរក្សា អភិបាល ប្រោះព្រំនូវសព្ទសាធុការពរជ័យ គ្រប់ប្រការ ជូនចំពោះ សម្ដេចមហារដ្ឋសភាធិការធិបតី និងក្រុមគ្រួសារ សូមសមប្រកបដោយពុទ្ធពរដ៏ឧត្តុង្គឧត្តម ថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ ជានិច្ចនិរន្តរ៍តរៀងទៅ។
សូមសម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួល នូវអភិវន្ទនកិច្ចដ៏ស្មោះស្ម័គ្របំផុតពីខ្ញុំនិងភរិយា ៕
ដោយ ៖ សិលា