សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៥ ខែមីនា ឆ្នាំ ២០២៤បានផ្សាយថា អាល្លឺម៉ង់ កាលពីថ្ងៃចន្ទសប្តាហ៍នេះបានចោទប្រកាន់រុស្ស៉ីពីការប្រើប្រាស់ខ្សែអាត់សំឡេងដែលបែកធ្លាយជុំវិញកិច្ចពិភាក្សារបស់យោធាអាល្លឺម៉ង់ស្តីពីការគាំទ្រអ៊ុយក្រែនប្រឆាំងរុស្ស៉ីថាមានបំណងបំបែកបំបាក់អឺរ៉ុប។
កាលពីសប្តាហ៍មុន ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ីបានចេញផ្សាយខ្សែអាត់សារសំឡេងនៃកិច្ចប្រជុំក្រុមមន្រ្តីជាន់ខ្ពស់យោធាអាល្លឺម៉ង់ ដែលធ្វើឡើងតាមរយៈប្រព័ន្ធ Webex ដើម្បីពិភាក្សាអំពីការផ្តល់អាវុធឱ្យអ៊ុយក្រែននិងការវាយប្រហាររបស់អ៊ុយក្រែនលើស្ពានគ្រីមៀ។ ក្រុមមន្រ្តីបានពិភាក្សាគ្នាអំពីលទ្ធភាពនៃការបញ្ជូនមីស៉ីល Taurus ទៅកាន់ទីក្រុងកៀវ ដែលអធិការបតី លោក Olaf Scholz ធ្លាប់បដិសេធជាសាធារណៈ ហើយពិភាក្សាគ្នាផងដែរអំពីរបៀបដែលបារាំង អង់គ្លេសត្រូវចែកចាយនិងប្រតិបត្តិការមីស៉ីលគ្រូសជាមួយអាវុធរយៈចម្ងាយខ្លី។
អាល្លឺម៉ង់បានទទួលស្គាល់នូវខ្លឹមសារក្នុងខ្សែអាត់សំឡេងរយៈពេល ៣៨នាទីនោះ ហើយថាខ្លួនកំពុងស៉ើបអង្កេតលើទង្វើជាក់ស្តែងនៃការលួចស្តាប់ដោយ
រុស្ស៉ី ដែលជាផ្នែកមួយនៃសង្រ្គាមព័ត៌មាន។ អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ បានបញ្ជាក់ថា «សង្រ្គាមព័ត៌មានវិទ្យានេះ មានគោលបំណងបង្កើតអសន្តិសុខនិងធ្វើឱ្យយើងបែកបាក់គ្នា ហើយជាអ្វីដែលយើងនឹងមិនអនុញ្ញាតឡើយ។ យើងកំពុងទាក់ទងជាប់ជានិច្ចជាមួយដៃគូរបស់យើង»។
ថ្មីៗនេះ អាល្លឺម៉ង់បានរងនូវការបែកធ្លាយព័ត៌មានសន្តិសុខមួយចំនួន ខណៈដែលអាជ្ញាធរបានចាប់ខ្លួនបុគ្គលិកម្នាក់របស់ទីភ្នាក់ងារស៉ើបការណ៍បរទេស ដែលសង្ស័យថាបានធ្វើចារកម្មឱ្យរុស្ស៉ីកាលពីចុងឆ្នាំ ២០២២៕
ដោយ៖ ធីរីណា(រូបថត៖ Reuters)