ទីក្រុងម៉ែលប៊ន៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឱ្យដឹងថា លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយក្រុមការងារ AUSTRADE ដឹកនាំដោយ លោក Daniel Boyer នាយករងប្រតិបត្តិទទួលបន្ទុកកិច្ចការពាណិជ្ជកម្ម និងវិនិយោគ កាលពីល្ងាចថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ម្សិលមិញ នៅមជ្ឈមណ្ឌលពិព័រណ៍ទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។ ជំនួបនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងជជែកពិភាក្សាអំពីកិច្ចសហប្រតិបត្តិការចំពោះមុខរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង AUSTRADE លើកិច្ចការស្តីពីវិនិយោគ។
មានមតិក្នុងជំនួបខាងលើ លោកអគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានសម្តែងនូវការអរគុណជូនចំពោះក្រុមការងារ AUSTRADE ដែលបានស្កាត់មកជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅស្តង់ពិព័រណ៍របស់កម្ពុជាដែលរៀបចំឡើងក្នុងពិព័រណ៍ទីផ្សារអាស៊ាន-អូស្ត្រាលី។ លោកក៏បានឆ្លៀតយកឱកាសនៃកិច្ចពិភាក្សានេះជម្រាបជូនសមភាគីអំពីកិច្ចការចំពោះមុខស្តីពីការជំរុញ និងទាក់ទាញវិនិយោគមកកាន់កម្ពុជា សំដៅធ្វើពិពិធកម្មមុខសញ្ញាវិនិយោគ, បង្កើនតម្លៃបន្ថែម, និងចូលរួមចំណែកកសាងមូលដ្ឋានគ្រឹះសម្រេចបាននូវចក្ខុវិស័យកម្ពុជា ២០៥០ ដែលដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាល។
ជាការឆ្លើយតប សមភាគីបានបង្ហាញនូវក្តីសោមនស្សសម្រាប់វត្តមានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាលើទឹកដីនៃទីក្រុងម៉ែលប៊ន។ ជាមួយគ្នានេះ ភាគីមិត្តក៏បានឯកភាពលើការលើកឡើងអំពីគម្រោងសហប្រតិបត្តិការនានាសំដៅហុចផលជះវិជ្ជមានឱ្យគ្នាទៅវិញទៅមកឱ្យកាន់តែល្អប្រសើរ និងបានឯកភាពក្នុងការអនុញ្ញាតជូនក្រុមការងារដែលគ្រោងនឹងចេញមកបំពេញបេសកកម្មនៅព្រះរាជាណាចក្រកម្ពុជានាពេលដ៏ខ្លីខាងមុខឱ្យសហការយ៉ាងស្អិតរមួតដើម្បីពិនិត្យមើលគម្រោងជំរុញ និងទាក់ទាញវិនិយោគពីអូស្ត្រាលីមកកាន់កម្ពុជា។
ជាកិច្ចបញ្ចប់ ក្រុមការងារ AUSTRADE បានសុំកិច្ចសហការពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដើម្បីចូលរួមចំណែកក្នុងការពាំនាំខ្លឹមសារនានាដែលមានចងក្រងក្នុងសៀវភៅស្តីពីការវិនិយោគនៅកម្ពុជាទៅកាន់វិនិយោគិន និងធុរជនអូស្ត្រាលី ដែលមានបំណងពង្រីកប្រតិបត្តិការរបស់ខ្លួនមកកាន់តំបន់អាស៊ីអាគ្នេយ៍៕
ដោយ៖ តារា