ភ្នំពេញ ៖ នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា ៖ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ឯកលោកបណ្ឌិត ចែម វីឌ្យ៉ា រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបពិភាក្សាការងារ ជាមួយលោកស្រី Anne-Marie Trevelyan រដ្ឋលេខាធិការទទួលបន្ទុកកិច្ចការឥណ្ឌូ-ប៉ាស៊ីហ្វិក នៃក្រសួងការបរទេសអង់គ្លេស។
សូមបញ្ជាក់ថា ៖ ភាគីទាំងពីរបានកត់សម្គាល់ដោយការពេញចិត្តចំពោះទំនាក់ទំនងជាប្រពៃណីនៃមិត្តភាពដ៏ល្អប្រសើរ និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងព្រះរាជាណាចក្រកម្ពុជា និងចក្រភពអង់គ្លេស។ ថ្នាក់ដឹកនាំទាំងពីរបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការអភិវឌ្ឍបន្ថែមទៀតលើវិស័យសំខាន់ៗមួយចំនួនដូចជាពាណិជ្ជកម្ម ការវិនិយោគ ធនធានមនុស្ស ការអភិវឌ្ឍបៃតង និងថាមពលកកើតឡើងវិញ។
លោកបណ្ឌិត ចែម វីឌ្យ៉ា បានរំលឹកឡើងវិញអំពីខួបទី៧០ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរកាលពីឆ្នាំមុន ដែលភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបង្កើតការពិគ្រោះយោបល់នយោបាយទ្វេភាគីរវាងក្រសួងទាំងពីរ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ រដ្ឋាភិបាលអង់គ្លេសដែលបានផ្តល់ជំនួយ និងការគាំទ្រដល់កម្ពុជា ជាពិសេសការផ្តល់ជូនកម្ពុជានូវគម្រោង ពាណិជ្ជកម្មប្រទេសកំពុងអភិវឌ្ឍន៍ (DCTS) ។ លោកបណ្ឌិតរដ្ឋលេខាធិការ ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការរួមបញ្ចូលគ្នារវាងការទូតប្រពៃណី និងការទូតសភា។
លោកស្រី Anne-Marie Trevelyan បានមើលឃើញពីកាលានុវត្តន៍ភាពសេដ្ឋកិច្ចយ៉ាងទូលំទូលាយក្នុងអំឡុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកស្រី មកកាន់ប្រទេសកម្ពុជា ហើយលោកស្រីនឹងរាយការណ៍អំពីសក្តានុពលនេះជូនរដ្ឋាភិបាលអង់គ្លេស។ លោកស្រីបានសង្កត់ធ្ងន់លើតម្រូវការក្នុងការ ពង្រីកសមិទ្ធផលជាច្រើន នៃព្រះរាជាណាចក្រអាស៊ីមួយនេះ។
ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិដែលជាផលប្រយោជន៍ និងជាកង្វល់រួម ៕
ដោយ ៖ សិលា