ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលក្រុងតាខ្មៅឃាត់ខ្លួនជនសង្ស័យ៣នាក់ជិះម៉ូតូដេញវាយគ្នា ធ្វើឱ្យម៉ូតូ១គ្រឿងបុកបង្គោលភ្លើងបណ្តាលឱ្យជនរងគ្រោះម្នាក់ស្លាប់

ចែករំលែក៖

ខេត្តកណ្ដាល៖ យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី៥ខែមីនាឆ្នាំ២០២៤ បានបញ្ជាក់ថា ដោយអនុវត្តតាមការចង្អុលដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញរបស់ស្នងការដ្ឋាននិងកម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដោយមានការសហការជាមួយកម្លាំង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការស្រាវជ្រាវរហូតឈានទៅចាប់ខ្លួនក្មេងទំនើង៣នាក់ ជិះម៉ូតូដេញតាមវាយក្រុមជនរងគ្រោះ ធ្វើឲ្យម៉ូតូ១គ្រឿងបុកបង្គោលភ្លើងបណ្តាលឲ្យជនរងគ្រោះម្នាក់ស្លាប់ ដែលបានកើតហេតុកាលពី ម៉ោង១និង៣៨នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ ចំណុចផ្លូវកោងផ្លូវ២១Aមុខបេនត្រែ ភូមិព្រែក សំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ៣នាក់៖ ១-ឈ្មោះម៉ាត់ សាស់ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ លក់ដូរ (ស្លាប់)។ ២-ឈ្មោះ ម៉ាន ស្នាវី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ លក់ដូរ (របួសធ្ងន់ត្រង់ក្បាលកំពុងព្យាបាលនៅប្រទេសវៀតណាម)។ ៣-ឈ្មោះ សាន់ សះម៉ាត់ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ លក់ដូរ (រងរបួសស្រាល)។

ចំណែកជនសង្ស័យមានគ្នា៨នាក់ ឃាត់បាន៣នាក់ គេចខ្លួន៥នាក់ មានដូចខាងក្រោម៖ ១.ឈ្មោះ សំអាត សំផាត់ ភេទប្រុស ទីលំនៅភូមិស្វាយ ឃុំព្រាល ស្រុកកញ្ចៀក ខេត្តព្រៃវែង មុខរបរកម្មកររោងចក្រ(ឃាត់ខ្លួន)។ ២.ឈ្មោះយឹម បញ្ញា ភេទប្រុស មានទីលំនៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាធានីភ្នំពេញ មុខរបរនៅផ្ទះ(ឃាត់ខ្លួន)។ ៣.ឈ្មោះ គុម សារិត ហៅបារាំង ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិកំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) (ជនសង្ស័យទាំង៣នាក់ គ្មានសារធាតុញៀន)។

សមត្ថកិច្ចបានឲ្យដឹងទៀតថា សម្ភារខូចខាត ម៉ូតូ១គ្រឿងម៉ាកសង់ស៊េរី២០២០ ពណ៌ខ្មៅ ផ្លាកលេខ កណ្តាល១AK៥៣៤៥(បែកកុងទ័រ បែកក្បាំង បែកចង្កៀងមុខ និងស្តុប)។ វត្ថុតាងចាប់យករួមមាន ១.ម៉ូតូ១គ្រឿងម៉ាកហុងដា NEX ពណ៌ខៀវលាយស ស្លាកលេខរតនគិរី 1G-9923(ម៉ូតូរបស់ជនសង្ស័យឈ្មោះ សំអាត សំផាត់ ជិះឌុបឈ្មោះយឹម បញ្ញា)។ ២.ម៉ូតូ១គ្រឿងម៉ាកHonda c125ពណ៌ខ្មៅស៊េរី២០២៣ ផ្លាកលេខភ្នំពេញ1KJ-4503 (របស់ជនសង្ស័យឈ្មោះគុម សារិត)។

កម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ពីសភាពរឿងហេតុថា មុនពេលកើតហេតុកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ម៉ោង១០និង១០នាទីយប់ជនរងគ្រោះ៣នាក់ បានជិះម៉ូតូឌុបគ្នាទៅស៊ីផឹកនៅកោះពេជ្រ ដោយឈ្មោះម៉ាត់ សាស់ ជាអ្នកបើកម៉ូតូ ឈ្មោះម៉ានស្នាវី អង្គុយកណ្តាល រីឯឈ្មោះ សាន់ សះម៉ាត់ អង្គុយខាងក្រោយ ដោយទៅជាមួយមិត្តភក្តិ៣នាក់ទៀត ជិះម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីម។ លុះផឹកដល់ ម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈាន ចូលថ្ងៃទី២ខែមីនាឆ្នាំ២០២៤ ជនរងគ្រោះទាំង៣នាក់ និងមិត្តភក្តិ៣នាក់ ទៀតក៏ឈប់ផឹក ហើយនាំគ្នាជិះទៅញ៉ាំអីនៅម្តុំព្រែកប្រា ខណ្ឌរច្បាអំពៅ វិញម្តង។ លុះញ៉ាំអីនៅព្រែកប្រារួចហើយ ជនរងគ្រោះទាំង៣នាក់ និងមិត្តភក្តិ៣នាក់ទៀត បានជិះម៉ូតូត្រឡប់មកផ្ទះនៅភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅវិញ ។ លុះជិះមកដល់ចំណុចរង្វង់មូលគល់ស្ពានវត្តព្រែកសំរោង ក៏ជួបក្រុមជនសង្ស័យ ហើយមើលមុខគ្នា ពេលនោះក្រុមជនសង្ស័យបានជិះម៉ូតូដេញតាមដោយមានកាន់ដាវមួយជាប់ដៃ ហើយជនរងគ្រោះទាំងបីនាក់ បានបើកម៉ូតូយ៉ាងលឿនរត់គេច រួចហើយម៉ូតូជនរងគ្រោះបានជ្រុលទៅបុកនឹងបង្គោលភ្លើងជាប់ផ្លូវ២១A នៅចំណុចផ្លូវកោងមុខបេនត្រែ បណ្តាលឲ្យមានរបួសធ្ងន់២នាក់ និងស្រាល១នាក់ ពេលនោះក៏មានប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបានចេញមកមើល ចំណែកជនសង្ស័យទាំង៥នាក់ បានជិះគេចខ្លួនបាត់ទៅ។ ក្រោយកើតហេតុរួច ជនរងគ្រោះទាំង៣នាក់ត្រូវបានមិត្តភក្តិដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យរុស្សី ហើយជនរងគ្រោះ ឈ្មោះម៉ាត់សាស់ បានស្លាប់ដោយសារបែកថ្លើម រីឯជនរងគ្រោះម្នាក់ទៀតឈ្មោះម៉ានស្នាវី រងរបួសធ្ងន់ត្រង់ក្បាលត្រូវបានបញ្ជូនបន្តទៅព្យាបាលនៅប្រទេសវៀតណាម ចំណែកជនរងគ្រោះម្នាក់ទៀតរបួស្រាលឈ្មោះសាន់សះម៉ាត់ ត្រូវគ្រូពេទ្យអនុញ្ញាតឲ្យចេញទៅផ្ទះដើម្បីព្យាបាលបន្ត។

លុះមកដល់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ សមត្ថកិច្ចបានចុះស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ យកមកសាកសួរដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីតែម្តង។

តាមការសាកសួរក្រុមជនសង្ស័យបានឆ្លើយសារភាពថា ក្រុមរបស់ខ្លួនពិតជាបាននាំគ្នាជិះម៉ូតូ ដេញតាមវាយក្រុមជនរងគ្រោះចំនួន២ម៉ូតូ មានគ្នា៦នាក់ ធ្វើឲ្យម៉ូតូ១គ្រឿងបុក បង្គោលភ្លើងបណ្តាលឲ្យជនរងគ្រោះម្នាក់ស្លាប់ ហើយ ម្នាក់ទៀតរងរបួសធ្ងន់ និងម្នាក់ទៀតរងរបួសស្រាល ប្រាកដមែន តែក្រុមរបស់ខ្លួនគ្មានប្រើអាវុធ រឺដាវនោះទេ។

បច្ចុប្បន្នក្រុមជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីសួរនាំកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖