ព័ត៌មានទាន់ហេតុការណ៍៖

ទំនប់វ៉ារីអគ្គិសនីអូរជុំទី១កំពុងតែប្រកួតប្រជែងខាងផ្នែកវិស័យទេសចរណ៍គួរឱ្យទាក់ទាញបន្ទាប់ពីបឹងយក្សឡោម

ចែករំលែក៖

ខេត្តរតនគិរី៖ រយៈពេលប៉ុន្មានឆ្នាំចុង ក្រោយនេះក្រោមម្លប់សន្តិភាពបានធ្វើឲ្យទនប់វារីអគ្គិសនីអូរជុំទី១មិនត្រឹមតែបង្កើតបានជាអគ្គិសនីសម្រាប់ប្រើប្រាស់នោះទេ ថែមទាំងកំពុងតែ ប្រកួតប្រជែងខាងផ្នែកវិស័យទេសចរណ៍គួរឲ្យទាក់ទាញបន្ទាប់ពីបឹងយក្សឡោម បើទោះបីតំបន់ទេសចរណ៍មួយនេះមិនទាន់បានចុះបញ្ជីជារមណីយដ្ឋាននៅក្នុងក្រសួង ទេសចរណ៍ក៏ដោយ ។ នេះគឺជាការលើកឡើងរបស់លោក កៀង តុលា អភិបាលស្រុកអូរជុំក្នុងឱកាសលោកដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជុំវិញមាត់បឹងនាព្រឹកថ្ងៃទី ៤ ខែមីនាឆ្នាំ២០២៤។

អភិបាលស្រុកអូរជុំរូបនេះបន្តថា ជាក់ស្ដែងនៅក្នុងឆ្នាំ ២០២៣ និងដើមឆ្នាំ ២០២៤មានបងប្អូនភ្ញៀវនៅក្នុងស្រុក និង ក្រៅស្រុកយ៉ាងច្រើនកុះករតែងតែនាំគ្នាមកអង្គុយញ៉ាំអាហារជាលក្ខណៈគ្រួសារនិង គយគន់មើលទៅផ្ទៃបឹងហាក់បីដូចជាសមុទ្រទឹកសាប នៃខេត្តភូមិភាគឦសាន្តគួរជាទីចាប់អារម្មណ៍ខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិ-អន្តរជាតិ។

ចំណែកលោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តបានឲ្យដឹងផងដែរថា ទាក់ទងនឹងការចុះបញ្ជីទំនប់ វ៉ារីអគ្គិសនីអូរជុំទី១អោយក្លាយជាតំបន់ទេសចរណ៍បច្ចុប្បន្ន លោកកំពុងពិភាក្សាជាមួយអាជ្ញារធពាក់ព័ន្ធ ពីព្រោះ ទំនប់បឹងនេះស្ថិត នៅក្នុងបញ្ជីសាពើភ័ណ្ឌរបស់អគ្គីសនីកម្ពុជា (EDC)។

សូមបញ្ជាក់ថា ទំនប់បឹងវ៉ារីអូរជុំទី១ ស្ថិតនៅភូមិថារ៉ងជង ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរីមានចម្ងាយប្រមាណ៦គីឡូម៉ែត្រ ពីទីរួមក្រុងបានលុង។

ទំនប់បឹងនេះបាន កើតឡើងពីការផ្តួចផ្ដើមពី នាយឧត្តមសេនីយ៍ព្រឹទ្ធាចារ្យ ប៊ូ ថង ដែលលោកបាន កែច្នៃតំបន់នេះទៅជាទំនប់ទប់យកទឹកសម្រាប់បង្កើតអគ្គិសនីប្រើប្រាស់នៅក្នុងក្រុងបានលុងនិងស្រុកអូរជុំនៅក្នុងកំឡុងឆ្នាំ ១៩៩១និងបានស្ថាបនារួចរាល់ជាស្ថាពរសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅឆ្នាំ ១៩៩៩២។បច្ចុប្បន្នទនប់បឹងវ៉ារីអគ្គិសនីអូរជុំទី១គឺជាកន្លែងដែលប្រមូលផ្ដុំទៅដោយសត្វស្លាបគ្រប់ប្រភេទដូចជា សត្វប្រវឹក សត្វប្រវែក និងសត្វទាទឹករួមទាំងសត្វផ្សេងៗទៀតជាច្រើនពាន់ក្បាលដែលមកបណ្ដែតខ្លួននៅលើផ្ទៃទឹកបឹងនេះផងដែរ៕

ដោយ៖ សូរិយា


ចែករំលែក៖