ភ្នំពេញ៖ ខួបលើកទី ១១៣ ទិវានារីអន្តរជាតិ ៨ មីនា អគ្គនាយកដ្ឋានយោធសេវាក្រសួងការពារជាតិ ស្ថិតក្រោមប្រធានបទ «ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» អគ្គយោធសេវា ក្រសួងការពារជាតិ នៅថ្ងៃទី ៥ ខែមីនា ឆ្នាំ២០២៤ បានប្រារព្ធពិធីរំលឹកខួបលើកទី ១១៣ ទិវានារីអន្តរជាតិ ៨មីនា ក្រោមអធិបតីភាពឧត្តម សេនីយ៍ទោ ម៉ា ណាវី នាយករង នាយកដ្ឋានព័ត៌មាន និងជាអនុប្រធានក្រុមការងារយេនឌ័រ អគ្គនាយកដ្ឋានយោធសេវាក្រសួងការពារជាតិ ជាតំណាងលោកស្រីឧត្តមសេនីយ៍ទោ មាស រាជ្ជនី អគ្គនាយករង,អគ្គនាយកដ្ឋានយោធសេវា ប្រធានក្រុមការងារយេនឌ័រ អគ្គនាយក ដ្ឋានយោធសេវាក្រសួងការពារជាតិ និងមានការចូលរួមពីសំណាក់ យោធិននារីចំណុះអគ្គនាយកដ្ឋាន យោធ សេវាប្រមាណ៦៨ នាក់។
បន្ទាប់ពី ឧត្តមសេនីយ៍ត្រី ឱម សូដានី នាយករងនាយកដ្ឋានព័ត៌មាន អានព្រះរាជសាររបស់សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថសីហនុ ព្រះវររាជ មាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីសក្ការៈផ្ញើជូននារីទូទាំងប្រទេសក្នុងឱកាសប្រារព្ធពិធីរំលឹកខួប លើកទី១១៣ទិវានារីអន្តរជាតិ៨ រួចមក ឧត្តម សេនីយ៍ទោ ម៉ា ណាវី ថ្លែងជួសមុខឲ្យថ្នាក់ដឹកនាំក្រសួង ការពារជាតិ អគ្គនាយកយោធសេវា ពិសេសលោកស្រីឧត្តមសេនីយ៍ទោ មាស រាជ្ជនី អគ្គនាយករង និងជាប្រធានក្រុមការងារ យេនឌ័រអគ្គនាយកដ្ឋានយោធសេវាក្រសួងការពារជាតិ បានលើកឡើងថា៖ ពិធីរំលឹកខួបលើកទី១១៣ ទិវានារីអន្តរជាតិ ៨ មីនា នៅឆ្នាំនេះគឺធ្វើឡើងក្នុងគោលបំណងរំលឹកពីប្រវត្តិនៃការតស៊ូទាមទារសិទ្ធិ សេរីភាពរបស់នារីទូទាំងពិភពលោក។
លោកស្រីបានបន្តថា មិនតែប៉ុណ្ណោះជាសកម្មភាព ជំរុញការលើកកម្ពស់ស្ថានភាព ជីវភាព តំលៃ ឋានៈ តួនាទីនិងសិទ្ធិរបស់ស្រ្តីដែលជាការរួមចំណែកក្នុងការលើកកំពស់សមភាពយេនឌ័រ នៅកម្ពុជា ។ ដោយឡែក ក្នុង ខ.ភ. ម មាននារីរាប់ពាន់ នាក់បានស្ម័គ្រចិត្តចូលបំរើកងទ័ពនៅគ្រប់កងឯកភាពជំនាញ បច្ចេកទេសសុខាភិបាល ក៏ដូចជាទ័ពប្រយុទ្ធផងដែរហើយបានខិតខំប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្តប្រាជ្ញា ស្មារតីប្រកបដោយអំណត់ព្យាយាមពុះពារការលំបាក ដើម្បីចូលរួមចំណែកក្នុងបុព្វហេតុ ការពារឯករាជ្យជាតិ អធិបតេយ្យ បូរណភាព ដែនដី និង អភិវឌ្ឍន៏ជាតិមាតុភូមិ។ ជាពិសេសបានចេញទៅបំពេញបេសកកម្មសន្តិភាពអង្គការសហប្រជាជាតិ ចូលរួមប្រកួតកីឡាជាលក្ខណៈអន្តរជាតិដោយបាន ទទួលលទ្ធផលនិងស្នាដៃយ៉ាងប្រសើរហើយបាន ចូលរួមចំណែកយ៉ាងសកម្មផងដែរ ក្នុងការ អនុវត្តន៍កម្មវិធីនយោបាយនិង យុទ្ធសាស្ត្រចតុកោណរបស់ រាជរដ្ឋាភិបាលបានយ៉ាងល្អ ។
លោកស្រី ម៉ា ណាវី បានបន្តទៀតថា កន្លងមកដោយ មានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្រសួងការពារ ជាតិ អគ្គយោធសេវា នៃ ខ.ភ.ម ព្រមទាំងមេបញ្ជាការគ្រប់កងឯកភាពអំពីយេនឌ័រក្នុង ខ.ភ.មលើកកំពស់ការយល់ដឹងអំពី ទស្សនៈយេនឌ័រ និងមានការគាំទ្រកាន់តែខ្លាំងដល់ការបញ្ជា្របយេនឌ័រកាត់បន្ថយការ រើសអើងគ្រប់រូបភាពហើយបានចាត់ទុកនារីជាការងារស្នូលរបស់អង្គភាពធ្វើឲ្យ ស្ថានភាពស្ត្រីក្នុង ខ.ភ.ម កាន់តែប្រសើរឡើងជាបន្តបន្ទាប់ ក្នុងនោះមាននារី ខ.ភ.ម មានឱកាសទទួលបានឋានៈតួនាទីសំខាន់ៗក្នុងកងឯកភាពរបស់ខ្លួនជាច្រើនរូបទៀតផង។
លោកស្រីក៏ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹង ប្រែងរបស់យោធិននារីរបស់អគ្គនាយកដ្ឋានយោធសេវា និងបានវាយតម្លៃខ្ពស់ចំពោះការជ្រើសរើសយកប្រធាន បទស្តីពី «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្ម ឌីជីថល» គឺជាប្រធានបទដ៏សំខាន់ និងត្រឹមត្រូវដែលស្របទៅនឹងការវិវឌ្ឍនៃសង្គមជាតិ និងស្របតាម ផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលបានសម្រេចផ្តោតលើបច្ចេកវិទ្យាឌីជីថល ៕
ដោយ៖ សូរិយា