ភ្នំពេញ ៖ នារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ នេះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានអនុញ្ញាតឱ្យ ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការអញ្ជើញចូលរួមអមដំណើរឯកឧត្តមឯកអគ្គរដ្ឋទូតមាន លោកស្រី Kerry Pelzman នាយកបេសកកម្មរបស់USAID, លោកស្រី Aleksandra Zittle ប្រធានផ្នែកនយោបាយ និងសេដ្ឋកិច្ច និងលោក Moses An អនុប្រធានផ្នែកនយោបាយ និងសេដ្ឋកិច្ច។ នេះបើយោងតាម( ផេកក្រសួងព័ត៌មាន ) ។
ក្នុងជំនួបនេះ សមភាគីទាំងពីរបានពិភាក្សាគ្នាលើដំណើរការរៀបចំ និងបន្ស៊ីការងារអាទិភាពមួយចំនួនដែលជាការទទួលខុសត្រូវរបស់ក្រសួងផែនការ ជាមួយនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចជាការងាររៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ(NSDP) ៥ឆ្នាំ ២០២៤-២០២៨ ការងាររៀបចំផែនការវិនិយោគសាធារណៈ(PIP) ៣ឆ្នាំរំកិល និងការងារត្រៀមលក្ខណៈចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍតិចតួច(LDC Graduation)។
ពាក់ព័ន្ធនឹងការរួមចំណែកក្នុងការអនុវត្តក្របខ័ណ្ឌការងារទាំងនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតបានជម្រាបជូននូវគម្រោងធំៗជាច្រើនរបស់សហរដ្ឋអាមេរិក តាមរយៈ USAID សម្រាប់ជួយដល់កម្ពុជា ក្នុងនោះពាក់ព័ន្ធនឹងវិស័យកសិកម្ម ពាណិជ្ជកម្ម អប់រំ បច្ចេកវិទ្យា និងការបណ្តុះបណ្តាលធនធានមនុស្សជាដើម ព្រមទាំងបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកម្ពុជា ក្នុងការប្ដេជ្ញាចិត្តនឹងសម្រេចឱ្យបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ខ្លួន(CSDGs) ឆ្នាំ២០៣០ និងប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
លោក W. Patrick Murphy បានបញ្ជាក់ផងដែរថា កម្ពុជាជាប្រទេសនាំចូលទំនិញចូលសហរដ្ឋអាមេរិកតាមរយៈប្រព័ន្ធអនុគ្រោះពន្ធទូទៅ(GSP) ហើយក្នុងរយៈពេល ៣ឆ្នាំមកនេះ រដ្ឋសភាសហរដ្ឋអាមេរិកពុំទាន់បានអនុម័តដាក់បញ្ចូលកម្មវិធី GSP ឱ្យប្រើប្រាស់ឡើងវិញនោះទេ។ លោកបានបញ្ជាក់បន្ថែមថា ទោះបីជាយ៉ាងនេះក៏ដោយឯកឧត្តមសង្ឃឹមថាកម្ពុជានឹងទទួលបានការផ្តល់GSP ឡើងវិញ។
សមភាគីទាំងពីរបានបញ្ជាក់ពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រសួងផែនការ នៃរាជរដ្ឋាភិបាលកម្ពុជា ជាមួយសហរដ្ឋអាមេរិក តាមរយៈ USAID រួមនឹងដៃគូអភិវឌ្ឍផ្សេងៗទៀតផងដែរ។
ឆ្លៀតនាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ប៊ិន ត្រឈៃ បានថ្លែងនូវអំណរគុណ និងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់ លោក W. Patrick Murphy និងសហការី ដែលបានឆ្លៀតឱកាសដ៏មានតម្លៃ អញ្ជើញមកក្រសួងផែនការ ហើយ លោករដ្ឋមន្ត្រីបានថ្លែងនូវអំណរអរគុណចំពោះប្រជាជន និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានជួយផ្តល់ជំនួយ និងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសបានជួយគាំទ្រដល់ក្រសួងផែនការ តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ(USAID) ដោយបានផ្តល់ជំនួយបច្ចេកទេសគាំទ្រលើគម្រោងអង្កេតប្រជាសាស្ត្រ និងសុខភាព(CDHS) ចាប់តាំងពីឆ្នាំ២០០០ រហូតដល់ឆ្នាំ២០២២, ជំរឿនកសិកម្មឆ្នាំ២០១៣ និង អង្កេតចន្លោះជំរឿនកសិកម្ម ឆ្នាំ២០១៩។
លោក W. Patrick Murphy បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យលោក និងសហការីបានមកសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ លោករដ្ឋមន្ត្រីនៅទីស្តីការក្រសួងនាឱកាសនេះ ៕
ដោយ ៖ សិលា