ព័ត៌មានទាន់ហេតុការណ៍៖

ហៃទី៖ ក្រុមប្រដាប់អាវុធបើកការបាញ់ប្រហារដើម្បីគ្រប់គ្រងព្រលានយន្តហោះធំក្នុងប្រទេសនេះ

ចែករំលែក៖

ក្រុមក្មេងទំនើងប្រដាប់ដោយអាវុធធុនធ្ងន់បានព្យាយាមចូលកាន់កាប់អាកាសយានដ្ឋានអន្តរជាតិដ៏សំខាន់របស់ប្រទេសហៃទីកាលពីថ្ងៃទី៥ខែមីនា ដោយបានប៉ះទង្គិចដោយអាវុធជាមួយប៉ូលិសនិងទាហាននៅក្នុងការវាយប្រហារចុងក្រោយបំផុតលើទីតាំងសំខាន់ៗរបស់រដ្ឋាភិបាល។
អាកាសយានដ្ឋានអន្តរជាតិ Toussaint Louverture ត្រូវបានបិទនៅពេលដែលការវាយប្រហារបានកើតឡើង ដោយគ្មានយន្តហោះដំណើរការនិងគ្មានអ្នកដំណើរនៅកន្លែងកើតហេតុ។
អ្នកកាសែត Associated Press បានឃើញរថយន្តពាសដែកនៅលើផ្លូវដែកបានបាញ់ទៅលើក្រុមក្មេងទំនើងក្នុងគោលបំណងរារាំងពួកគេមិនឱ្យចូលទៅក្នុងអាកាសយានដ្ឋាន ខណៈដែលបុគ្គលិកនិងកម្មករជាច្រើននាក់ផ្សេងទៀតបានរត់គេចពីគ្រាប់ផ្លោង។
មកទល់ពេលនេះគេមិនច្បាស់ថាការវាយប្រហារដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសហៃទីពាក់ព័ន្ធនឹងព្រលានយន្តហោះនឹងបញ្ចប់ដោយរបៀបណានោះទេ។
កាលពីសប្តាហ៍មុន អាកាសយានដ្ឋានត្រូវបានជាប់គាំងមួយរយៈពេលខ្លី ចំពេលមានការវាយប្រហាររបស់ក្រុមជ្រុលនិយម ប៉ុន្តែក្រុមក្មេងទំនើងទាំងនោះមិនបានចូលអាកាសយានដ្ឋាន ឬគ្រប់គ្រងព្រលានយន្តហោះនោះទេ។
ការវាយប្រហារនេះបានកើតឡើងតែប៉ុន្មានម៉ោងបន្ទាប់ពីអាជ្ញាធរហៃទីបានចេញបម្រាមគោចរពេលយប់ បន្ទាប់ពីមានអំពើហិង្សាដែលក្រុមជនពាលប្រដាប់អាវុធបានសម្រុកចូលពន្ធនាគារដ៏ធំបំផុតទាំងពីរនិងបានដោះលែងអ្នកទោសរាប់ពាន់នាក់កាលពីចុងសប្តាហ៍កន្លងមក៕

ដោយ៖ ធីរីណា


ចែករំលែក៖