ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញពងសត្វកន្ធាយក្បាលកង្កែប ដែលជាសត្វជិតផុតពូជនៅលើភពផែនដីនេះ នៅវាលខ្សាច់ចន្លោះព្រំដែនខេត្តក្រចេះ-ស្ទឹងត្រែង

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ កន្ធាយក្បាលកង្កែប ជាសត្វកម្រម្យ៉ាងជិតផុតពូជពីលើភពផែនដីទៅហើយនោះ  ថ្មីៗនេះត្រូវបានប្រជាពលរដ្ឋប្រទះឃើញពងរបស់វាកប់ក្នុងដីខ្សាច់តាមដងទន្លេមេគង្គ ស្ថិតត្រង់ចន្លោះខេត្តខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ នេះបើយោងតាមលោក ស្រី សមវិចិត្រ នាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែងនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤នេះ ។

លោក ស្រី សមវិចិត្រ ប្រាប់ថា កាលពីថ្ងៃទី៤ ខែមីនា កន្លងទៅនេះ មានអ្នកនេសាទម្នាក់នៅភូមិកោះជ្រឹម ឃុំអូរម្រះ ស្រុកសៀមបូក បានរាយការណ៍ទៅមន្ត្រីជំនាញជលផលថា គាត់បានដើរតាមដងទន្លេមេគង្គរកបន្លែត្រីសាច់ដើម្បីយកមកធ្វើម្ហូបអាហារបរិភោគ ក៏ស្រាប់តែប្រទះឃើញស្នាមដានជើងចម្លែកម្យ៉ាងកប់ក្នុងដីខ្សាច់។ ក្រោយមកគាត់កាយដីខ្សាច់នោះ ស្រាប់តែប្រទះឃើញមានពងពណ៌សជាច្រើនកប់ក្នុងដីខ្សាច់នោះតែម្តង ។ ឃើញដូច្នេះ គាត់ក៏រាយការណ៍មកឆ្មាំទន្លេ ហើយក្រុមអភិរក្សឆ្មាំទន្លេ ក៏រាយការណ៍ភ្លាមបន្តមកមន្ត្រីជំនាញជលផល ដើម្បីឲ្យកម្លាំងចុះទៅពិនិត្យមើលទីនោះ ។

លោក ស្រី សមវិចិត្រ បន្តថា ក្រោយពីមន្ត្រីជំនាញជីកកាយដីខ្សាច់ជម្រៅប្រហែល១ហាត់ ក៏ប្រទះឃើញមានពងកប់នៅក្នុងដីខ្សាច់ពិតប្រាកដមែន ហើយវាជាពងសត្វកន្ធាយក្បាលកង្កែបមានចំនួន៥៥ពងឯណោះ ។ លោកបន្តថា ពងកន្ធាយក្បាលកង្កែបទាំងនោះត្រូវបានអង្គការWWS យកទៅដាក់នៅទីកន្លែងមានសុវត្ថិភាពដើម្បីភ្ញាស់ឲ្យកើតចេញជាកូន រួចសឹមយកទៅលែងក្នុង ទឹកទន្លេមេគង្គតែម្តង ដើម្បីឲ្យពូវាបានបន្តរស់នៅឲ្យបានច្រើនតទៅទៀត ។

នាយខណ្ឌជលផលបានបន្តឲ្យដឹងថា កន្ធាយក្បាលកង្កែប នាពេលបច្ចុប្បន្នវាជិតផុតពូជទៅហើយ វារស់នៅតែក្នុងទឹកដីខេត្តស្ទឹងត្រែង និងខេត្តក្រចេះប៉ុណ្ណោះ។ វាមានពងមធ្យមចន្លោះពី២៨ ទៅ៣០ពង ក្នុងមេ១ក្បាល វាស៊ីត្រី ក្តាម កំពិស និងរុក្ខជាតិដុះក្នុងទឹក។ វារស់ក្នុងអន្លង់ទឹកជ្រៅរហូតដល់៤០ម៉ែត្រ ចំណែកទម្ងន់ជា អតិបរិមារហូតដល់៥០គីឡូក្រាមនិងប្រវែង២ម៉ែត្រ ៕

ដោយ៖ សូរិយា


ចែករំលែក៖