ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិ បានណែនាំដល់នាយទាហាន នាយ ទាហានរង និងពលទាហាន នៅនាយកដ្ឋានអប់រំ អគ្គ នាយកដ្ឋានយោធសេវា ត្រូវចេះទប់ស្កាត់នូវព័ត៌មានមិនពិតនានាតាមរយៈប្រព័ន្ធអេឡិចត្រូនិចខណៈពួកប្រឆាំង មួយក្តាប់តូចបានកំពុងវាយប្រហារ និងមូលបង្កាច់រាជ រដ្ឋាភិបាល រួមទាំងកងទ័ពតាមរយៈព័ត៌មានមិនពិត។
ការណែនាំបែបនេះរបស់នាយឧត្តមសេនីយ៍ ជៀង អំ បានធ្វើឡើងនៅក្នុងពិធីផ្សព្វផ្សាយផែនការអនុវត្តការងារអប់រំចិត្តសាស្រ្តឆ្នាំ២០២៤ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ ២០២៤នេះ នៅទីស្តីការក្រសួងការពារជាតិ។
នាយឧត្តមសេនីយ៍ ជៀង អំ បានលើកឡើងយ៉ាងដូច្នេះថា៖ «នាយទាហាននាយទាហានរង និងពលទាហានទាំងអស់ ត្រូវធ្វើការទប់ស្កាត់ផ្សព្វផ្សាយព័ត៌មានមិនពិត តាមប្រព័ន្ធអេឡិចត្រូនិចផ្សេងៗដូចជា៖ តាមយូធូប ហ្វេសប៊ុកជាដើម ព្រោះថាពួកប្រឆាំងតែងតែផ្សព្វផ្សាយព័ត៌មានមូលបង្កាច់មកលើរាជរដ្ឋាភិបាល និងកងទ័ពជាទូទៅពួកនេះភាគច្រើននៅបរទេស»។
នាយឧត្តមសេនីយ៍ ជៀង អំ បានណែនាំឱ្យ អគ្គនាយកដ្ឋានយោធសេវា គប្បីអនុវត្តតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ នីតិកាលទី៧ នៃរដ្ឋសភា ដែលមានបាវចនា ៥គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ដោយក្នុងនោះភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ គឺផ្តោតសំខាន់ទៅលើការថែរក្សាសុខសន្តិភាព និងស្ថិរភាពនយោបាយ ហើយគ្រប់បណ្តាអង្គ ភាពត្រូវអប់រំផ្សព្វផ្សាយអំពីសភាពការណ៍ និងភារកិច្ចរបស់កង យោធពលខេមរភូមិន្ទជាពិសេសភារកិច្ចការ ពារបូរណ ភាពទឹកដី និងភារកិច្ចការពារព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ដោយប្រឆាំងដាច់ខាតចំពោះសកម្មភាពទាំងឡាយណាដែលសំដៅដល់ការធ្វើបដិវត្តន៍ណណ៌ជាដើមនោះ។
មន្ត្រីជាន់ខ្ពស់រូបនេះ បានណែនាំឱ្យបន្តចូលរួមអនុវត្តផែនការកំណែទម្រង់របស់កងយោធពលខេមរភូមិន្ទ ៥ឆ្នាំឱ្យបានត្រឹមត្រូវ និងទទួលបានលទ្ធផលល្អ ដោយក្នុងនោះផែនការអប់រំហ្វឹកហ្វឺនក៏ជាផ្នែកមួយនៃកំណែ ទម្រង់ ដែលបានចូលរួមចំណែកពង្រឹងសមត្ថភាពដល់កងទ័ពទូទាំងកង យោធពលខេមរភូមិន្ទ ដើម្បីបំពេញ ភារកិច្ចរបស់ខ្លួនឱ្យបានសម្រេចជោគជ័យល្អប្រសើរ។
នាយឧត្តមសេនីយ៍ ជៀង អំ បានក្រើនរំលឹកឱ្យបន្តយកចិត្ត ទុកដាក់អប់រំ និងពង្រឹងការអនុវត្តច្បាប់របស់រដ្ឋ និងបទវិន័យទូទៅសម្រាប់យោធិននៃកងយោធពល ខេមរភូមិន្ទ ដោយយកចិត្តទុកដាក់អប់រំបន្ថែមទៅលើច្បាប់ផ្សេងៗ ជាពិសេសច្បាប់ពាក់ព័ន្ធទៅនឹងអំពើ ហិង្សា ច្បាប់ព្រហ្មទណ្ឌ និងច្បាប់ស្តីពីការប្រឆាំងគ្រឿង ញៀនជាដើម។
ឧត្តមសេនីយ៍ទោ ចាន់ សារឿន នាយក នាយកដ្ឋានអប់រំ អគ្គនាយកដ្ឋានយោធសេវា បានលើកឡើងថា ដោយអនុវត្តតាមផែនការណែនាំស្ដីពីការចាត់តាំងអនុវត្តការងារអប់រំចិត្តសាស្ត្រឆ្នាំ ២០២៤ ក៏ដូចជាសេចក្តីសម្រេចរបស់នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានចាត់តាំងអនុវត្តការងារអប់រំចិត្តសាស្ត្រ ឆ្នាំ ២០២៤និងសភាពការណ៍វិវឌ្ឈន៍ថ្មីៗ ទស្សវិស័យ អប់រំចិត្តសាស្ត្រ និងភារកិច្ចចំពោះមុខរបស់កងយោធពលខេមរភូមិន្ទ។
ឧត្តមសេនីយ៍ទោ ចាន់ សារឿន បានបន្តថា អគ្គនាយកដ្ឋានយោធសេវា ក៏ដូចជាជំនាញនាយកដ្ឋានអប់រំបានអនុវត្តយ៉ាង ខ្ជាប់ខ្ជួន តាមផែនការណែនាំរបស់ក្រសួងការពារជាតិទាំងអស់ ដោយក្នុងន័យនេះទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ការកសាងកងទ័ពអំពីទស្សនៈ សតិអារម្មណ៍នយោបាយចិត្តសាស្រ្ត ជាពិសេសអំពីគុណតម្លៃនៃសន្តិភាព គឺជាបញ្ហាគន្លឹះក្នុងការកសាងពង្រឹងកម្លាំងប្រដាប់អាវុធឱ្យបានរឹងមាំតាមរយៈការបណ្តុះបណ្តាលអប់រំរៀនសូត្រលើកកម្ពស់មនសិការស្នេហាជាតិ ស្មោះត្រង់ គោរពវិន័យ បទបញ្ជារបស់កងទ័ព អត្តចរិក សីលធម៌ ថ្លៃថ្នូរស្អាតស្អំប្រយុទ្ធប្តូរផ្តាច់ និងហ៊ានពលិកម្មដើម្បីបុព្វហេតុជាតិមាតុភូមិជាដើម៕
ដោយ៖ សូរិយា