ព័ត៌មានទាន់ហេតុការណ៍៖

រន្ធត់ណាស់! បើកត្រាក់ទ័រដឹកស្រូវតាមភ្លឺប្រឡាយរេចង្កូតធ្លាក់ប្រឡាយទឹកសង្កត់ខ្លួនឯងស្លាប់គួរឱ្យអាសូរ

ចែករំលែក៖

    ខេត្តស្វាយរៀង៖ បុរសម្នាក់បើកត្រាក់ទ័រដឹកស្រូវតាមភ្លឺប្រឡាយ ចៃដន្យរេចង្កូតធ្លាក់ប្រឡាយទឹកសង្កត់ខ្លួនឯង បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងក្រុមគ្រួសារជួយសង្គ្រោះជីវិត តែអកុសលហួសពេលទៅហើយ។

    ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ស្ថិតនៅត្រង់ចំណុចភូមិសំយ៉ោង ឃុំសំយ៉ោង ស្រុកកំពង់រោទ៍។

   យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា បុរសរងគ្រោះមានឈ្មោះសុិន សេដ្ឋ អាយុ៣៦ឆ្នាំ មានទីលំនៅភូមិសំយ៉ោង ឃុំសំយ៉ោង ស្រុកកំពង់រោទ៍។

    តាមអ្នកភូមិបានអោយដឹងថា មុនកើតហេតុគេឃើញបុរសខាងលើបានបើកត្រាក់ទ័រមួយគ្រឿងដឹកស្រូវតាមភ្លឺប្រឡាយ លុះបើកមកដល់កន្លែងកើតហេតុ ស្រាប់តែរេចង្កូតធ្លាក់ប្រឡាយទឹកសង្កត់ខ្លួនឯងបណ្តាលអោយស្លាប់តែម្តង។

    ក្រោយមកសមត្ថកិច្ចបានមកដល់កន្លែងកើតហេតុនិងបានពិនិត្យសពដោយសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយត្រាក់ទ័រសង្កត់ពីលើប្រាកដមែនដោយបុរសរងគ្រោះបើកបរមានការធ្វេសប្រហែសខ្វះការប្រុងប្រយ័ត្ន។

    បន្ទាប់ពីធ្វើកំណត់ហេតុរួចសមត្ថកិច្ចបានប្រគល់សពអោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕

ដោយ៖ សុថាន

 


ចែករំលែក៖