ខេត្តកំពង់ស្ពឺ ៖ កាលពីល្ងាចថ្ងៃទី០៦ ខែមីនានេះ ក្រុមបាល់ទាត់ «ខ្ញុំស្រលាញ់កំពង់ស្ពឺ» បានបើកទ្វារទទួលក្រុម Cambodia Football Super Stars នៅលើទឹកដីរបស់ខ្លួននៅកីឡដ្ឋានខេត្តកំពងស្ពឺ។ ខ្ញុំពិតជាមានទឹកចិត្តសប្បាយរីករាយក្រៃលែង ដែលបានមកចូលរួមជាមួយបងៗ ក្នុងនាមជាកីឡាកររបស់ក្រុម «ខ្ញុំស្រលាញ់កំពង់ស្ពឺ»។ សូមថ្លែងអំណរគុណដល់ស្នាមញញឹម និងសំលេងហ៊ោរកញ្រ្ជៀវឱ្យក្រុមកីឡាករទាំងអស់គ្នា។ នេះជាប្រសាសន៍ របស់ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី៧ ខែមីន ឆ្នាំ២០២៤ ។
លោកបន្តថា ៖ មិនថាលទ្ធផលឈ្នះ ឬចាញ់នោះទេ គឺយើងបានឈ្នះទាំងអស់គ្នា។ នោះគឺឈ្នះនូវស្នាមញញឹម និងភាពសប្បាយរីករាយជូនអ្នកកំពង់ស្ពឺ។ ដោយឡែកការប្រកួតនៅថ្ងៃនេះ ក៏បានរៃអង្គាសថវិកាសម្រាប់ជូនដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប បានចំនួន ១៦៦ លានរៀល ដោយមិនទាន់រាប់បញ្ចូលថវិកាដែលទទួលបានពីការលក់សំបុត្រ។ ខ្ញុំសូមជំនួសមុខឱ្យក្រុមការងារ ធ្វើការថ្លែងអំណរគុណជូន សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា សប្បុរសជនជិតឆ្ងាយ ជាពិសេសបងប្អូនអ្នកខេត្តកំពង់ស្ពឺដែលបានរួបរួមគ្នា ចូលរួមចំណែកក្នុងបុព្វហេតុមនុស្សធម៌មួយនេះ។ ទោះតិច ឬច្រើនក្តី ទឹកចិត្តដ៏ប្រពៃនេះសរបញ្ជាក់ពីស្មារតីសាមគ្គីភាពយ៉ាងធំធេង សមដូចពាក្យស្លោករបស់យើងថា “រួមគ្នាដើម្បីឲកំពង់ស្ពឺ”៕
ដោយ ៖ សិលា