ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី ឈុនសារឹម៖ ការរំលឹកខួបទិវាអន្តរជាតិនារី ៨ មីនា គឺរំលេចអំពីសក្តានុពល និងភាពចាំបាច់នៃការលើកកម្ពស់ ការចូលរួម និងភាពជាតំណាងរបស់ស្ត្រី និងក្មេងស្រីក្នុងវិស័យឌីជីថល

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោកស្រី ឈុនសារឹម ទីប្រឹក្សាជាន់ខ្ពស់នៃរដ្ឋសភាជាតិ បានមានប្រសាសន៏ថា ការប្រារព្ធពិធីរំលឹកខួបទិវាអន្តរជាតិនារី ៨ មីនា ២០២៤ គឺក្នុងគោលបំណងរំលេច អំពីសក្តានុពល និងភាពចាំបាច់នៃការលើកកម្ពស់ ការចូលរួមនិងភាពជាតំណាងរបស់ស្ត្រី និងក្មេងស្រីក្នុងវិស័យឌីជីថលប្រកប ដោយប្រសិទ្ធភាពនិងសុវត្ថិភាព និងជាការឆ្លើយតបនឹង បរិបទនៃការវិវត្តរបស់សង្គមនៅក្នុង យុគសម័យឌីជីថល។

លោកស្រី បន្តថា យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកកម្ពស់សមភាពយេនឌ័រ និង បង្កើនភាពអង់អាចដល់ស្ត្រីនិងក្មេងស្រីផងដែរ។

ការថ្លែងបែបនេះ បានធ្វើឡើងក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ២០២៤ ខួបទី១១៣ ក្រោមមូលបទ «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» នៅស្រុករមាសហែក  នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ដោយមានការចូលរួមពី សំណាក់លោកស្រី ឯកសុវណ្ណភារ: អ្នកតំណាងរាស្ត្រមណ្ឌល់ស្វាយរៀង លោករស់ឆាយ សមាជិកក្រុមប្រឹក្សាខេត្តស្វាយរៀង លោក អភិបាលស្រុក ប្រធានក្រុមប្រឹក្សាស្រុក កងកំលាំងទាំង៣ និងមន្ត្រីរាជការជាស្ត្រី ចំណុះអោយរដ្ឋបាលស្រុករមាសហែក ប្រមាណជាង៣០០នាក់ នាសាលប្រជុំសាលាស្រុករមាសហែក។

ជាមួយគ្នានេះលោកស្រី  ឈុនសារឹម បានផ្តាំផ្ញើសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ដល់ នារីៗ ជាមន្ត្រីរាជការ ចំណុះអោយរដ្ឋបាលស្រុករមាសហែកដែលបានចូលរួមនាពេលនេះផងដែរ។

លោកស្រី បានបន្តថា ស្រ្តីជាឆ្អឹងខ្នងសេដ្ឋកិច្ចគ្រួសារយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍនៅក្នុងក្រុមគ្រួសារ និងសង្គមជាតិ។ ការចូលរួមរបស់ស្រ្តីនាពេលបច្ចុប្បន្នទាំងវិស័យឯកជន និងវិស័យសារធារណៈ នៅក្នុងសង្គមកម្ពុជាកាន់តែបង្ហាញ ឲ្យឃើញ អំពីការតព្វកិច្ច ភារកិច្ច តួនាទី និងការអនុវត្តនូវសិទ្ធិពេញលេញព្រមទាំងការលានុវត្តភាព ក្នុងការអភិវឌ្ឍន៍នូវចំណេះដឹង ជំនាញ បច្ចេកទេស និងធនធានរបស់ខ្លួន ដែលជាមូលដ្ឋានគ្រឹះនៃសិទ្ធជាសកលភាពជាដៃគូរ ក្នុងការរស់នៅក្នុងក្រុមគ្រួសារ និងសង្គមប្រកបដោយសមភាព និងសមធម៌។

លោកស្រីបានបន្ថែមថា រាជរដ្ឋាភិបាលថ្មីនីតិកាលទី៧ នៃរដ្ឋសភា បាននិងកំពុងខិតខំប្រឹងប្រែងដាក់ចេញនូវគោលនយោបាយនិ ងវិធានការចាំបាច់ដើម្បីបណ្តុះបណ្តាល និងកសាងមូលធនមនុស្សលើវិស័យឌីជីថល ក្នុងនោះ មាតា បិតា អាណាព្យាបាលជាតួអង្គដ៏សំខាន់ ដើម្បីចូលរួមចំណែកក្នុងការតម្រង់ទិសកូនចៅ ជាពិសេសស្រ្តី និងក្មេងស្រីឱ្យចាប់យកជំនាញបច្ចេកវិទ្យាឌីជីថល ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារ និងសង្គមជាតិ។

បន្ទាប់ពីបញ្ចប់កម្មវិធីក៏មានពិសារអាហារសាមគ្គីយ៉ាងភាពស្និតស្នាលផងដែរ ៕

ដោយ៖ សុថាន


ចែករំលែក៖