ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ ទីបំផុត​តុលា​ការឃុំខ្លួនអ្នកនេសាទ២នាក់ជាបណ្តោះអាសន្ន​

ចែករំលែក៖

​ខេត្តពោធិ៍សាត់ ៖ លោក លឹម សុក្រឹត នាយរងផ្នែករដ្ឋបាលជលផលរាំងទិល និងជានាយសង្កាត់រដ្ឋបាលជលផលបាកាន បានឱ្យដឹងនៅវេលា​ព្រឹកថ្ងៃ​ព្រហស្បត្តិ៍ ១២រោច ខែមាឃ ឆ្នាំ​ថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០២៤ នេះថា ចៅក្រម​ស៊ើបសួរ​នៃសាលាដំបូងខេត្តពោធិ៍សាត់ បានសម្រេច​ចេញ​ដីកាបង្គាប់ឱ្យឃុំខ្លួនជាបណ្ដោះអាសន្នលើអ្នកធ្វើនេសាទដោយប្រើប្រាស់ឧបករណ៍ប្រភេទ(ឈិបយន្ត)២នាក់នោះ​ហើយ ដើម្បី​ធានា​ក្នុងការស៊ើបអង្កេត​ឱ្យបានត្រឹម​ត្រូវតាមនីតិវិធី​បន្ទាប់ពីសមត្ថកិច្ចរដ្ឋបាលជលផល និងចូលរួមសហការពីកងកម្លាំងប្រដាប់ដោយអាវុធ(យោធា)សឹករងខេត្ត ធ្វើការបង្រ្កាប​ខណៈ​ពួកគាត់កំពុងធ្វើ​នេសាទ​ជាក់ស្ដែង។ 

គួររំលឹក​ថា អ្នកនេសាទ​ត្រូវបានឃុំខ្លួន​នោះ កម្លាំងសមត្ថកិច្ចសរុបប្រមាណ១០នាក់ មធ្យោបាយកាណូតចំនួន០២គ្រឿង ចុះពិនិត្យ ទប់ស្កាត់ និងបង្កាបបទល្មើសជលផលពីគោលដៅផ្សេងគ្នា ចាប់ពីចំណុចឃុំរាំងទិល ស្រុកកណ្ដៀង រហូតដល់ឃុំមេទឹក ស្រុកបាកាននៃខេត្តពោធិ៍សាត់ ជាលទ្ធផលៈ ប្រទះឃើញការធ្វើនេសាទជាក់ស្ដែង ដោយប្រើប្រាស់ឧបករណ៍ប្រភេទ(ឈិបយន្ត)១ករណី ដែលឧបករណ៍ប្រភេទនេះខុសច្បាប់ស្ដីពីជលផល ។

លោកបញ្ជាក់បន្ថែមទៀតថា ជនប្រព្រឹត្តទី១-ឈ្មោះ សឿន តាំងអ៊ាម ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ និងទី២-ឈ្មោះ សឿន សេងលី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នអ្នកទាំង២នាក់ រស់នៅក្នុងផែបណ្ដែតលើផ្ទៃទឹកបឹងទន្លេសាប ស្ថិតនៅភូមិចារុះ ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។ ក្នុងនោះដកហូតវត្ថុតាងរួមមានៈ កាណូតស្មាច់ទំហំប្រវែងប្រមាណ៩.២ម៉ែត្រ គុណនឹង ទទឹងប្រវែងប្រមាណ ១.២ម៉ែត្រ និងជម្រៅ០.៨តឹក ភ្ជាប់ម៉ាស៊ីនម៉ាក ម៉ាស្ដា ៣៥សេះចំនួន០១គ្រឿង និង០២គ្រឿងទៀតប្រវែងប្រមាណ៧.៩ម៉ែត្រ គុណនឹងទទឹងប្រវែងប្រមាណ១.៥ម៉ែត្រ ជម្រៅ១ម៉ែត្រ ភ្ជាប់ម៉ាស៊ីនម៉ាកហ៊ីណូតា ១៨សេះចំនួន០២គ្រឿង សាច់ឈិបយន្តមុខកាត់ប្រវែង៦ម៉ែត្រ ឈើដងឈិបយន្តចំនួន០២គូ(០៤) ត្រីកញ្ចុះ( ខូចគុណភាព)ទម្ងន់៨៥០គីឡូក្រាម វត្ថុតាង​ទាំងអស់​សមត្ថកិច្ច​រដ្ឋ​បាល​ជលផល​រក្សាទុកដើម្បី​រង់ចាំបន្តនីតិវិធី ៕

ដោយ៖ ប៉ឹម ពិន


ចែករំលែក៖