ទីបញ្ជាការកណ្ដាលអាមេរិក ហៅកាត់ថា CENTCOM បានឱ្យដឹងកាលពីថ្ងៃពុធទី៦ ខែមីនាថា ការវាយប្រហារដោយមីស៊ីលមួយគ្រាប់របស់ ក្រុមហ៊ូទី លើកប៉ាល់ដឹកទំនិញមួយគ្រឿងក្នុងតំបន់សមុទ្រក្រហមបានសម្លាប់មនុស្ស ៣នាក់ ហើយនេះគឺជាលើកដំបូងបំផុតដែលមានមនុស្សស្លាប់ក្នុង ការវាយប្រហារពីសំណាក់ចលនាប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់មួយនេះ ចាប់តាំងពីសង្រ្គាមរវាងអ៉ីស្រាអែលនឹងក្រុមហាម៉ាស់ផ្ទុះឡើងកាលពីខែតុលា ឆ្នាំមុនមក។
ក្រោយមានសេចក្ដីរាយការណ៍ពីការវាយប្រហារនោះ ក្រុមហ៊ូទីក៏បានចេញមុខទទួលខុសត្រូវផងដែរលើការវាយប្រហារដែលបណ្ដាលឱ្យកប៉ាល់ដឹកទំនិញមួយរបស់ប្រទេសក្រិក ឆាបឆេះនៅចម្ងាយប្រហែល ៩០គីឡូម៉ែត្រពីឆ្នេរនៃទីក្រុងកំពង់ផែ Aden ប្រទេសយេម៉ែន។ ក្នុងសារមួយបង្ហោះលើបណ្ដាញ ទំនាក់ទំនងសង្គម X ឆ្លើយតបទៅនឹងការអះអាងរបស់ក្រុមហ៊ូទី សា្ថនទូតអង់គ្លេសបានឱ្យដឹងថា យ៉ាងហោចមាននាវិក២នាក់បានស្លាប់។ ប៉ុន្តែ ក្រោយមក ខាងទីបញ្ជាការកណ្ដាលអាមេរិក ហៅកាត់ថា CENTCOM បានឱ្យដឹងថាមានមនុស្ស ៣នាក់បានស្លាប់ក្នុងការវាយប្រហាររបស់ក្រុមហ៊ូទី និង ៤នាក់ផ្សេងទៀតរងរបួស។
កប៉ាល់របស់ក្រិកខាងលើដែលមានឈ្មោះថា True Confidence បានឱ្យដឹងថា កប៉ាល់របស់ខ្លួនមាននាវិក ២២នាក់ និងសន្តិសុខប្រដាប់អាវុធ៣នាក់ ក្នុងនោះរួមមានជនជាតិហ្វីលីពីន១៥នាក់ វៀតណាម៤នាក់ ស្រីលង្កា២នាក់ ឥណ្ឌាម្នាក់ និងនេប៉ាល់ម្នាក់។ ក្រុមហ៊ូទីបានបើកការវាយប្រហារលើ កប៉ាល់ដឹកទំនិញក្នុងតំបន់សមុទ្រក្រហម ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៣ ដោយអះអាងថាជាការបង្ហាញសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីនក្នុងតំបន់ហ្កាហ្សា។
ចំណែក សហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសវិញ បានដឹកនាំការវាយប្រហារប្រឆាំងនឹងមូលដ្ឋានរបស់ក្រុមហ៊ូទីក្នុងប្រទេសយេម៉ែនជាច្រើនលើកផងដែរ ដើម្បីកំញើញទប់ស្កាត់ក្រុមមួយនេះដែលមានអ៉ីរ៉ង់ជាខ្នងបង្អែក កុំឱ្យបន្តបើកការវាយប្រហារលើកប៉ាល់ដឹកទំនិញ។ តែបច្ចុប្បន្ន ក្រុមហ៊ូទីនៅតែបន្តការវាយប្រហាររបស់ខ្លួន ហើយថែមទាំងប្ដេជ្ញាទៀតផងថាពួកគេនឹងមិនបញ្ឈប់នោះទេ រហូតទាល់តែអ៉ីស្រាអែលបិទបញ្ចប់សង្រ្គាមនៅហ្កាហ្សា៕
ដោយ៖ ធីរីណា(រូបថត៖ Reuters)