ភ្នំពេញ ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមធ្វើការព្រមាន ផលិតកម្ម ថោន អេនធើធេនមេន ចំពោះ ការផលិតបទចម្រៀងក្រោមចំណងជើងថា Team ទឹកត្នោតជូរ ច្រៀងដោយ លោក ម៉ៅ ហាជី និពន្ធទំនុក ច្រៀងដោយ លោក ថុន ស៊ីថែន និងនិពន្ធបទភ្លេងដោយ លោក ថុន ផានិត ដែលបានបង្ហោះផ្សព្វផ្សាយ លើប្រព័ន្ធ YouTube នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤។
ការផលិតបទចម្រៀងខាងលើ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើសិទ្ធិសីលធម៌របស់អ្នកនិពន្ធ ( សម្តេចព្រះមហាសង្ឃរាជ ជោតញ្ញាណោ ជួន ណាត) និងជាការប្រើប្រាស់បទភ្លេងដែលមានតម្លៃសម្រាប់ ជាតិ និងប្រជាជន ទៅបំភ្លៃដោយពុំខ្លឹមសារអប់រំ និងគ្មានប្រយោជន៍សម្រាប់សង្គម។
ផលិតកម្ម ថោន អេនធើធេនមេន ត្រូវលុបចោលជាបន្ទាន់នូវការបង្ហោះផ្សព្វផ្សាយបទ ចម្រៀងខាងលើនេះតាមគ្រប់មធ្យោបាយ និងត្រូវបញ្ឈប់នូវរាល់ការផលិតបទចម្រៀងដែលរំលោភច្បាប់ សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ព្រមទាំងត្រូវធ្វើលិខិតសុំទោសសាធារណជនចំពោះ កំហុសដែល បានកើតឡើងខាងលើនេះ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏សូមអំពាវនាវដល់គ្រប់ផលិតកម្ម សូមគោរពឱ្យបាន ម៉ឹងម៉ាត់នូវច្បាប់សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ព្រមទាំងរួមគ្នាលើកតម្លៃសីលធម៌សង្គម និងកិត្តិយសរបស់ជាតិ៕.
ដោយ ៖ សិលា