ព័ត៌មានទាន់ហេតុការណ៍៖

ការប៉ុនប៉ងទប់ស្កាត់ចិន បានត្រឹមតែធ្វើឲ្យគម្លាតនៃវិវាទកាន់តែខ្លាំងជាមួយលោកខាងលិច

ចែករំលែក៖

សារព័ត៌មាន Reuters បានផ្សាយថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៉ីប្រាហ៉ីម បាននិយាយថាការប៉ុនប៉ងទាំងឡាយដើម្បីគ្រប់គ្រងការរះឡើងរបស់ចិន គឺមានតែធ្វើឱ្យចិនក្ដៅក្រហាយ និងមានអារម្មណ៍ថាខ្លួនឯងរងភាពអយុត្តិធម៌ ព្រមទាំងបង្កឱ្យមានការខ្វែងគំនិតគ្នានៅក្នុងតំបន់តែប៉ុណ្ណោះ។
លោក អាន់វ៉ា អ៉ីប្រាហ៊ីម ធ្វើការកត់សម្គាល់បែបនេះក្នុងសុន្ទរកថាសាកលវិទ្យាល័យជាតិអូស្ត្រាលី (Australian National University) ក្នុងទីក្រុងកង់បេរ៉ា កាលពីថ្ងៃព្រហស្បតិ៍ ទី៨ ខែមីនា។ តាមលោក អាន់វ៉ា បណ្ដាប្រទេសទាំងឡាយក៏គួរតែស្វែងយល់ពីអារម្មណ៍របស់ចិន និងទទួលស្គាល់ពីរបៀបដែលថ្នាក់ដឹកនាំចិនមើលឃើញថា ការកើនឡើងឥទ្ធិពលយោធានិងការទូតនៃប្រទេសរបស់ពួកគេ គឺជាកត្តាធម្មជាតិដែលតែងតែកើតឡើងនៅពេលប្រទេសមួយមានអំណាចសេដ្ឋកិច្ច និងបច្ចេកវិទ្យារីកចម្រើន។ លោក អាន់វ៉ា បានគូសបញ្ជាក់ ដូច្នេះថា «នៅក្នុងកែវភ្នែករបស់ពួកគេ រាល់សកម្មភាពគ្រប់គ្រងការរះឡើងរបស់ចិនទាំងយោធា សេដ្ឋកិច្ច និងបច្ចេកវិទ្យា…គឺមានតែធ្វើឱ្យពួកគេខឹងសម្បា ឬយល់ថាខ្លួនឯងរងភាពអយុត្តិធម៌ប៉ុណ្ណោះ»។
បើតាមលោក អាន់វ៉ា អ៉ីប្រាហ៊ីម ដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលីបិទបញ្ចប់ទៅកាលពីថ្ងៃពុធកន្លងទៅនេះ ម៉ាឡេស៊ី និងអូស្ត្រាលី មានភារកិច្ច ជំរុញឱ្យចិននិងសហរដ្ឋអាមេរិករួមទាំងមហាអំណាចដទៃក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើរតួនាទីប្រកបដោយលក្ខណៈស្ថាបនា ដើម្បីធ្វើសមារណកម្មសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការ៕ ដោយ៖ ធីរីណា

រូប​ថត​៖ Reuters


ចែករំលែក៖