ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ទី០៩ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រសួងនឹងដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធទូរស័ព្ទសាធារណៈដើម្បីឆ្លើយតបនូវសំណួរ សំណូមពរ មតិយោបល់ និងដំណោះស្រាយបញ្ហាប្រឈមនានារបស់ធុរជន និងសាធារណជនពាក់ព័ន្ធនឹង៖
១). ព័ត៌មានទូទៅ
២). ព័ត៌មានអំពីការចុះបញ្ជីពាណិជ្ជកម្ម
៣). ព័ត៌មានអំពីការចុះបញ្ជីម៉ាក
៤). ព័ត៌មានអំពីការនាំចេញ-នាំចូល
៥). ព័ត៌មានអំពីការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.)
៦). ព័ត៌មានអំពីសេវាពាណិជ្ជកម្មផ្សេងៗរបស់ក្រសួងពាណិជ្ជកម្ម ដូចជាប្រតិបត្តិការដែលមានកិច្ចធានា និងព័ត៌មានអំពីការតាំងពិព័រណ៌។
ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ម្ចាស់សហគ្រាស អាជីវកម្ម ធុរជន និងសាធារណជនទូទៅ ដែលមានបំណងសាកសួរព័ត៌មានចម្ងល់ឬបញ្ហាផ្សេងៗពាក់ព័ន្ធនឹងកិច្ចការដូចបានបញ្ជាក់ជូនខាងលើ អាចហៅចូលមកកាន់លេខទូរស័ព្ទ ១២៦៦ របស់ក្រសួងពាណិជ្ជកម្ម ចាប់ពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ដោយឥតគិតថ្លៃ។ មន្ត្រីជំនាញរបស់ក្រសួងពាណិជ្ជកម្ម រង់ចាំទទួលទូរស័ព្ទ និងធ្វើការឆ្លើយតប នៅរៀងរាល់ម៉ោងធ្វើការ។
ចំពោះការប្រកាសដាក់ចេញលេខទំនាក់ទំនងសាធាណៈ ដើម្បីអាចឲ្យម្ចាស់ក្រុមហ៊ុន អាជីវកម្ម និងសាធារណជនទូទៅនឹងទទួល បានព័ត៌មាន តាមរយៈប្រព័ន្ធទូរស័ព្ទសាធារណៈរបស់ក្រសួង សម្រាប់ប្រើប្រាស់ជាប្រយោជន៍ ព្រមទាំងដើម្បី ជួយសម្រួលដល់ការប្រកបអាជីវកម្ម និងធុរកិច្ចកាន់តែមានភាពងាយស្រួល និងរីកចម្រើនបន្ថែមទៀត៕
ដោយ៖ តារា