ការតវ៉ាដោយសន្តិវិធីរបស់និស្សិតក្រិកបានប្រែក្លាយជាហិង្សា នៅពេលដែលមនុស្សជាច្រើនបានព្យាយាមវាយប្រហារប៉ូលិស ខណៈដែលសភារបស់ប្រទេសនេះបានរៀបចំការបោះឆ្នោតដើម្បីអនុម័តច្បាប់អប់រំដ៏ចម្រូងចម្រាសមួយ។
កាសែត Greek City Times បានរាយការណ៍ថា ប៉ូលិសត្រូវបានបង្ខំឱ្យប្រើឧស្ម័នបង្ហូរទឹកភ្នែក និងដំបងដើម្បីបង្ក្រាបក្រុមនិស្សិតដែលប្រើអំពើហិង្សាគប់គ្រាប់បែកសាំងនិងប្រើដបកែវវាយទៅលើប៉ូលិសក្នុងអំឡុងពេលនៃការតវ៉ាដ៏ហិង្សានេះ ។ យ៉ាងហោចណាស់មនុស្ស៨នាក់បានរងរបួស និង៩នាក់ត្រូវចាប់ខ្លួនក្នុងការប៉ះទង្គិចគ្នា ។
មុននេះ និស្សិតក្រិករាប់ពាន់នាក់បានដើរតាមផ្លូវដើម្បីតវ៉ានៅកណ្តាលទីក្រុងអាថែននៅព្រឹកថ្ងៃ៨ខែមីនា ប៉ុន្មានម៉ោងមុនពេលសភារបស់ប្រទេសត្រូវបានគេរំពឹងថានឹងអនុម័តច្បាប់ថ្មីស្តីពីការបណ្តុះបណ្តាលអាជ្ញាបណ្ណសម្រាប់សាកលវិទ្យាល័យឯកជន។
ជាពិសេស ច្បាប់នេះស្នើឱ្យសាកលវិទ្យាល័យឯកជននឹងត្រូវបានអនុញ្ញាតឱ្យផ្តល់សញ្ញាបត្រស្មើនឹងសញ្ញាបត្រសាកលវិទ្យាល័យសាធារណៈ ស្របពេលដែលក៏អនុញ្ញាតឱ្យសាកលវិទ្យាល័យបរទេសបើកសាខានៅក្នុងប្រទេសក្រិក និងប្រមូលថ្លៃសិក្សាផងដែរ។
និស្សិតក្រិករាប់ពាន់នាក់បានធ្វើការតវ៉ាដោយសន្តិវិធីអស់ជាច្រើនសប្តាហ៍ប្រឆាំងនឹងច្បាប់នេះ ដោយនិយាយថា វានឹងធ្វើឱ្យតម្លៃសញ្ញាបត្រសាកលវិទ្យាល័យសាធារណៈ និងបង្វែរមូលនិធិចេញពីស្ថាប័នសាធារណៈ។
សិស្សភាគច្រើនមិនយល់ស្របនឹងគោលការណ៍នេះទេ។ និស្សិតម្នាក់ឈ្មោះ Stratos Katselis បាននិយាយថា៖ «យើងខ្លាចថា ទោះបីជាយើងព្យាយាមរៀនចប់ក៏ដោយ វាពិបាកសម្រាប់យើងក្នុងការស្វែងរកការងារធ្វើនៅគ្រប់ទីកន្លែង អ្វីដែលយើងឃើញគឺជាទីបញ្ចប់»។
ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Kyriakos Mitsotakis ជឿជាក់ថា ច្បាប់នេះនឹងជួយផ្លាស់ប្តូរ “រលកអន្តោប្រវេសន៍” របស់និស្សិតក្រិករាប់ម៉ឺននាក់ទៅកាន់សាកលវិទ្យាល័យនៅបរទេស ដែលគាត់មើលឃើញថាជាការអូសទាញជាមួយនឹងសេដ្ឋកិច្ចដែលនៅតែងើបឡើងវិញពីវិបត្តិហិរញ្ញវត្ថុរយៈពេលមួយទសវត្សរ៍។
នាយករដ្ឋមន្ត្រី Kyriakos Mitsotakis បានការពារយ៉ាងម៉ឺងម៉ាត់ចំពោះកំណែទម្រង់អប់រំ ដោយអះអាងថា វានឹងអនុញ្ញាតឱ្យនិស្សិតក្រិកទៅសិក្សានៅសាកលវិទ្យាល័យអន្តរជាតិដោយមិនចាំបាច់ចាកចេញពីប្រទេស។ លោកបានបន្តថា ច្បាប់នេះក៏នឹងជួយតម្រឹមក្រិកជាមួយនឹងសហភាពអឺរ៉ុប និងជំរុញការប្រកួតប្រជែងក្នុងវិស័យអប់រំឧត្តមសិក្សា៕ ដោយ៖ ធីរីណា
រូបថត៖ Reuters