ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលទើបទទួលនៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤នេះ ស្តីពីការសម្រេចដោះលែងអ្នកបើកបររថយន្តឲ្យមានសេរីភាពវិញ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយអ្នកបើកបរម៉ូតូ នៅខណ្ឌកំបូល រាជធានីភ្នំពេញ។
អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សូមជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថា៖ កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង១៨និងសូន្យនាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅចំណុចផ្លូវលេខ ៤២ ប្រសព្វផ្លូវបេតុង ភូមិដូនកុក សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ រវាងម៉ូតូមួយគ្រឿង ម៉ាក SUZUKI NEX ពណ៌ស-ខៀវ ផ្លាកលេខ ភ្នំពេញ 1KE-5510 បើកបរដោយឈ្មោះ សុង ប្រុសសាន់ ភេទប្រុស អាយុ២៣ឆ្នាំ ជាមួយនឹងរថយន្តមួយគ្រឿងម៉ាក CAMRY ពណ៌ទឹកមាស ផ្លាកលេខ ភ្នំពេញ 2AR-5983 បើកបរ ដោយឈ្មោះ ឃឹម ម៉ាលីកា ភេទស្រី អាយុ៣២ឆ្នាំ។ ហេតុការណ៍នេះ បណ្តាលឲ្យឈ្មោះ សុង ប្រុសសាន់ ដែលជា អ្នកបើកបរម៉ូតូស្លាប់បាត់បង់ជីវិត ពេលបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។
តាមគំនូសវាស់វែងករណីគ្រោះថ្នាក់ចរាចរណ៍ និងរបាយការណ៍របស់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា៖ មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គឺមកពីអ្នកបើកបរម៉ូតូ បើកបរមិនប្រកាន់ចំណែកផ្លូវរបស់ខ្លួន និងជ្រុលទៅបុករថយន្តចំពីមុខចំហៀងខាងស្តាំ។
ក្រោយពីបានសាកសួរ និងពិនិត្យផ្ទៀតផ្ទាត់លើភស្តុតាងនានាដែលមានក្នុងសំណុំរឿង ឃើញថា ករណីនេះ ពិតជាកើតចេញពីកំហុសរបស់ភាគីដែលជាអ្នកបើកបរម៉ូតូប្រាកដមែន។ ទន្ទឹមនឹងនេះ តំណាងភាគីម៉ូតូ បានសម្រប សម្រួលគ្នាជាមួយនឹងភាគីរថយន្ត ព្រមទាំងបានដកពាក្យបណ្តឹងរបស់ខ្លួនរួចហើយ។ ហេតុនេះ តំណាងអយ្យការក៏ បានសម្រេចដោះលែងឈ្មោះ ឃឹម ម៉ាលីកា ដែលជាអ្នកបើកបររថយន្តឲ្យមានសេរីភាពវិញ តាមនីតិវិធី។ អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មានតាមការគួរ៕
ដោយ៖ តារា