មនុស្ស 5 នាក់រួមទាំងកុមារពីរនាក់បានស្លាប់ក្នុងអំឡុងពេលប្រតិបត្តិការទម្លាក់ជំនួយនៅតំបន់ហ្គាហ្សាស្ទ្រីបកាលពីថ្ងៃទី 8 ខែមីនា។ ពួកគេត្រូវបានគេជឿថា ត្រូវបានប្រអប់អាហារធ្លាក់ចំ នៅពេលដែលឆត្រយោងអាហារមិនបើក។
យន្តហោះដឹកជញ្ជូនមកពីសហរដ្ឋអាមេរិក បារាំង ហុល្លង់ បែលហ្ស៊ិក ហ្ស៊កដានី និងអេហ្ស៊ីប បានទម្លាក់ប្រអប់អាហារនៅលើតំបន់ហ្គាហ្សាស្ទ្រីប កាលពីថ្ងៃទី 8 ខែមីនា ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រាលនូវអ្វីដែលអង្គការសហប្រជាជាតិបានពិពណ៌នាថាជាស្ថានភាពជិតនឹងភាពអត់ឃ្លាន។ អុីស្រាអែលមិនបានអនុញ្ញាតឱ្យរថយន្តដឹកអាហារនិងប្រេងចូលដីប៉ាឡេស្ទីនអស់រយៈពេលជាច្រើនខែមកហើយ។
ទោះជាយ៉ាងណាក៏ដោយ ឧប្បត្តិហេតុដ៏កម្រមួយបានកើតឡើងនៅម៉ោងប្រហែល 11:30 ព្រឹក (ម៉ោងក្នុងតំបន់) នៅជំរំជនភៀសខ្លួន Al-Shati នៅភាគខាងជើង Gaza នៅពេលដែលប្រអប់អាហារមិនបានដាក់ពង្រាយឆត្រយោងឱ្យបានត្រឹមត្រូវ ហើយបានធ្លាក់មកដីដោយសេរី សម្លាប់មនុស្ស 5 នាក់ និង១១នាក់ផ្សេងទៀតបានរងរបួស។
មន្ត្រីអាមេរិកអនាមិកម្នាក់បានប្រាប់ CBS ថា “ការវាយតម្លៃដំបូងបង្ហាញថា ធុងដែលទម្លាក់មិនត្រូវបានទម្លាក់ដោយយន្តហោះអាមេរិកទេ ប៉ុន្តែត្រូវការការស៊ើបអង្កេតបន្ថែម” ។ ក្រសួងការបរទេសសហរដ្ឋអាមេរិកមិនបានធ្វើអត្ថាធិប្បាយលើព័ត៌មានអំពីជនរងគ្រោះនោះទេ។ អង្គការសហប្រជាជាតិ ក៏មិនបានផ្ទៀងផ្ទាត់របាយការណ៍នេះដែរ។
វីដេអូដែលចែកចាយនៅលើបណ្ដាញសង្គមបានបង្ហាញពីប្រអប់ជំនួយមួយបានធ្លាក់ចុះលឿនជាងប្រអប់ផ្សេងទៀត នៅពេលដែលឆត្រយោងបានជាប់គាំង ហើយមិនបានបើកពេញ។
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាល Gaza Strip បាននិយាយថា “ការជំរុញជំនួយតាមវិធីនេះគឺជាយុទ្ធនាការឃោសនាច្រើនជាងប្រតិបត្តិការមនុស្សធម៌។ យើងបានព្រមានពីមុនថាវាបង្កការគំរាមកំហែងដល់ប្រជាជននៅតំបន់ Gaza Strip ហើយវាបានកើតឡើងនៅថ្ងៃនេះនៅពេលដែលប្រអប់ធ្លាក់ចុះលើមនុស្ស។”
ក្រុមហាម៉ាស់បានអំពាវនាវឱ្យបើកផ្លូវគោកឡើងវិញ ដោយហៅការទម្លាក់យន្តហោះថា “គ្មានប្រយោជន៍ និងមិនមែនជាមធ្យោបាយដ៏ល្អបំផុតក្នុងការផ្តល់ជំនួយ”៕
ដោយ៖ ធីរីណា(រូបថត៖ Getty Images)