ភ្នំពេញ៖ បើតាមអនុក្រឹត្យរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលទទួលបាននៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤នេះ បានសម្រេចតែងតាំងលោក ជិន ប៊ុនធឿន ជាអភិបាលខណ្ឌឫស្សីកែវ ជំនួសលោក ឯក ឃុនដឿន ដែលត្រូវផ្ទេរភារកិច្ចជាអភិបាលរងរាជធានីភ្នំពេញវិញ។
សូមជម្រាបជូនថា លោក ជិន ប៊ុនធឿន មុនត្រូវបានតែងតាំងជាអភិបាលខណ្ឌឫស្សីកែវ គាត់មានតួនាទីជានាយករងរដ្ឋបាលរាជធានីភ្នំពេញ និងជានាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ។
ដូច្នេះរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមាន ឈ្មោះក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខា តទៅ។
ដោយឡែកពិធីប្រកាសចូលកាន់តំណែងនោះ បើមិនមានអ្វីប្រែប្រួលទេនឹងធ្វើឡើងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ខាងមុខនេះ ក្រោមអធិបតីភាព លោក ម៉ប សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ៕

ដោយ៖ ជីណា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច