ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តធុនធំ(ដឹកទឹកកក)និងម៉ូតូសណ្តោងរ៉ឺម៉ក បណ្តាលឱ្យមនុស្សស្លាប់ម្នាក់ និងរបួស០២នាក់ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង០៩និង៤៥នាទីព្រឹក លេីផ្លូវក្រាលកៅស៊ូស្ថិតនៅភូមិបាដាកជើង ឃុំរស្មីសង្ហារ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។
យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌល បានរាយការណ៍ឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ រវាងរថយន្តធុនធំ (ដឹកទឹកកក) បុកពីខាងក្រោយម៉ូតូសណ្តោងរ៉ឺម៉ក ក្នុងទិសដៅស្របទិសគ្នាពីកើតទៅលិច ។ អ្នកបេីកបរម៉ូតូសណ្តោងរ៉ឺម៉ក ឈ្មោះ លឹម បូរិន ភេទប្រុស អាយុ៥០ឆ្នាំ ស្នាក់នៅភូមិបាដាកត្បូង ឃុំរស្មីសង្ហារ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង និងអ្នករួមដំណើរ ០២នាក់(ត្រូវជាកូនបង្កើត) ១.ឈ្មោះ លឹម សូលីតា ភេទស្រី អាយុ០៧ឆ្នាំ (ស្លាប់ពេលបញ្ចូនទៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង) និង២.ឈ្មោះ លឹម លីតុង ភេទប្រុស អាយុ០៣ឆ្នាំ រងរបួសស្រាល បានបេីកបរម៉ូតូ ម៉ាកMD អូសរ៉ឺម៉ក ពណ៌ស លាយក្រហម គ្មានស្លាកលេខ បើកបរម៉ូតូទិសដៅពីកើតមកលិច ពេលបើកបរមកដល់កន្លែងកើតហេតុ ស្រាប់តែមានរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ភ្នំពេញ 3F-9289 បើកបរក្នុងទិសដៅស្របគ្នា បានបុកម៉ូតូអូសរ៉ឺម៉ក ពីខាងក្រោយបណ្តាលឱ្យម៉ូតូដួលអូស ។ ចំពោះអ្នកបើកបររថយន្តធុនធំ(ដឹកទឹកកក) បានបើករថយន្តមកទុកចោល នៅកន្លែងម៉ូយលក់ទឹកកក ហួសពីកន្លែងកើតហេតុ ០១គីទ្បូម៉ែត្រ ហើយអ្នកបើកបរបានរត់គេចខ្លួនបាត់ ។
តាមការពិនិត្យកន្លែងកើតហេតុ កម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌលបានបញ្ជាក់ថា ដោយសារភាគីរថយន្តបើកបរ ដោយខ្វះការប្រុងប្រយ័ត្ន ទើបបណ្តាលឱ្យទៅបុកភាគីម៉ូតូ ពេញទំហឹងតែម្ដង ។
បច្ចុប្បន្ន នគរបាលស្រុករតនមណ្ឌល កំពុងស្វែងរកជនបង្ក និងបានយកមធ្យោបាយបង្ក និងវត្ថុតាងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ខេត្តបាត់ដំបង ដើម្បីដោះស្រាយតាមនីតីវិធី ។ ចំណែកឯសាកសពជនរងគ្រោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុ និងប្រគល់ទៅក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ អរុណរះ