ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតីបើកវេទិការដ្ឋាភិបាលឌីជីថលលើកទី១ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានគូសបញ្ជាក់ថា ៖ នៅក្នុងក្របខណ្ឌតំបន់ និងសកល រាជរដ្ឋាភិបាល បាននិងកំពុងអនុវត្តរបៀបវារៈគោលនយោបាយឌីជីថលដោយស្មារតីបុរេសកម្ម និងបើកចំហរសំដៅសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍឌីជីថលជាតិ និងគោលដៅអភិវឌ្ឍឌីជីថលតំបន់ និងសកលដូចមានកំណត់ក្នុងផែនការមេអាស៊ានឆ្នាំ២០២៥ និងយុទ្ធសាស្រ្តឌីជីថលឆ្នាំ២០២២-២០២៥ របស់អង្គការសហប្រជាជាតិ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់បន្ថែមថា កម្ពុជា បាននិងកំពុងចូលរួមជាមួយប្រទេសសមាជិកអាស៊ាន នៅក្នុងការជំរុញការរៀបចំកិច្ចព្រមព្រៀងក្របខណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន ដែលរំពឹងថានឹងជួយបង្កើនទំហំសេដ្ឋកិច្ចឌីជីថលអាស៊ានពី១ទ្រីលានដុល្លារ ដល់២ទ្រីលានដុល្លារនៅឆ្នាំ២០៣០។
សម្តេចធិបតី បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំចង់យកឱកាសនេះគូសរំលេច និងរម្លឹកឡើងវិញ អំពីការងារជាសមិទ្ធផលធំៗ របស់រាជរដ្ឋាភិបាលក្នុងការងារជំរុញឌីជីថលូបនីយកម្ម រាជរដ្ឋាភិបាល បានដាក់ឱ្យអនុវត្តគម្រោងបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ; គម្រោងប្រព័ន្ធបញ្ជរតែមួយជាតិ; ប្រព័ន្ធអេឡិចត្រូនិកពន្ធដារ និង គយ; ប្រព័ន្ធគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ និងគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និង ប្រព័ន្ធចុះបញ្ជីអាជីវកម្ម និងផ្តល់អាជ្ញាប័ណ្ណ, ប្រព័ន្ធអប់រំឌីជីថល ឬអេឡិចត្រូនិក, ប្រព័ន្ធគ្រប់គ្រងផ្នែកអត្តសញ្ញាណកម្ម, ប្រព័ន្ធគ្រប់គ្រងដីធ្លី និងយានយន្ត ជាដើម»។
សម្តេចធិតី បានថ្លែងទៀតថា ថ្នាលផ្លាស់ប្ដូទិន្នន័យកម្ពុជា Cambodia Data Exchange (CAMDX) ដែលជាថ្នាលគន្លឹះមួយ បាននិងកំពុងប្រើប្រាស់ដោយស្ថាប័នសាធារណៈ និងវិស័យឯកជន ក្នុងការចែករំលែកនិងផ្លាស់ប្ដូរទិន្នន័យក្នុងប្រព័ន្ធអេកូឡូស៊ីរួម ក៏ធ្លាប់ជ័យលាភីអន្តរជាតិក្នុងកម្មវិធីពានរង្វាន់អនាគតរដ្ឋាភិបាល Future of Government Award 2022 ផងដែរ។ នេះជាមោទនភាពមួយថែមទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់កិច្ចខិតខំប្រឹងប្រែងក្នុងការងារឌីជីថលូបនីយកម្មក្នុងវិស័យរដ្ឋាភិបាល។
ជាមួយគ្នានេះ សម្តេចធិបតី បានបន្ថែមថា ថ្នាលផ្ទៀងផ្ទាត់ឯកសារផ្លូវការរបស់រាជរដ្ឋាភិបាល verify.gov.kh ដែលបានទទួលពានរង្វាន់ឌីជីថលមេដាយមាសអាស៊ាន កាលពីពេលថ្មីៗនេះ នឹងដើរតួនាទីគន្លឹះក្នុងការផ្តល់សេវាសាធារណៈគ្រប់ប្រភេទ ដើម្បីឧត្តមប្រយោជន៍សម្រាប់ប្រជាជនកម្ពុជា ៕
ដោយ ៖ សិលា