ភ្នំពេញ៖ លោក ឯក សំអុល សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល បានអញ្ជើញដឹកនាំ ប្រតិភូគណបក្សប្រជាជនកម្ពុជា គោរពវិញ្ញាណក្ខន្ធសពលោកចាន់ វ៉ែន ស្ថិតនៅបុរីប៉េងហួតបឹងស្នោ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នារសៀលថ្ងៃ ចន្ទ ២ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ។
លោកចាន់ វ៉ែន ជាសមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា និងជាសមាជិករណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានទទួលមរណភាព កាលពីថ្ងៃសៅរ៍ ១៤រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ៥:២០នាទីព្រឹក ក្នុងជន្មាយុ ៨៨ឆ្នាំ ដោយជរាពាធ។
នៅក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ ប្រធានគណៈប្រតិភូបានចូលរួមរំលែកទុក្ខជាមួយ លោកស្រី ប៉ែន សារី ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់អ្នកមានគុណ ជាបិតាបង្កើត បិតាក្មេក ជីតា ជាទីគោរពស្រឡាញ់ ដ៏ជ្រាលជ្រៅបំផុត និងប្រកបដោយព្រហ្មវិហារធម៌ដ៏ថ្លៃថ្លា និងជាការបាត់បង់នូវអតីតអ្នកតស៊ូរំដោះជាតិ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានខិតខំតស៊ូលះបង់កម្លាំងកាយចិត្ត ធនធាន បញ្ញាស្មារតីបម្រើដល់បុព្វហេតុនៃសន្តិភាព និងការអភិវឌ្ឍជាតិមាតុភូមិ។
ប្រធានគណៈប្រតិភូ ក៏បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកចាន់ វ៉ែន បានទៅកាន់សុគតិភពកុំបី ឃ្លៀងឃ្លាតឡើយ។សពលោកចាន់ វ៉ែន តម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណី សាសនា នៅគេហដ្ឋានស្ថិតក្នុងបុរីប៉េងហួតបឹងស្នោ ផ្ទះលេខ៦ ផ្លូវH៩ គម្រោងទី៣ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕
ដោយ៖ សូរិយា