ខេត្តព្រះវិហារ ៖ នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ លោក ម៉ៅ សុផាន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ អមដំណេីរដោយលោក គីម រិទ្ធី អភិបាល នៃគណ:អភិបាលខេត្ត បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋរស់នៅក្នុងភូមិម្រេច ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។
ក្នុងឱកាសនោះ ក៏មានការអញ្ជេីញចូលរួមពីសំណាក់ ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរគមន៍លេខ៣ កងកម្លាំងទាំង៣ ប្រធានមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានជាច្រើនរូបទៀត។
ក្នុងជំនួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនាឱកាសនោះ លោក គីម រិទ្ធី បានណែនាំអោយមន្ទីរជំនាញកំណត់តំបន់ធ្វើការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ និងធ្វើការចុះវាស់វែងដីធ្លីជូនប្រជាពលរដ្ឋទាំង១៤៣គ្រួសារ ដែលរស់នៅក្នុងតំបន់ខាងលើដើម្បីចេញប្លង់កម្មសិទ្ធិជូនអោយបានឆាប់ៗនេះ។
នៅក្នុងឱកាសនោះលោក ម៉ៅ សុផាន់ បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹត្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ផ្ញើជូនបងប្អូនប្រជាពលរដ្ឋដែលមានវត្តមាននៅទីនេះ ក៏ដូចជាប្រជាពលរដ្ឋទូទាំងខេត្តព្រះវិហាររបស់យើង។
លោក ម៉ៅ សុផាន់ បានថ្លែងប្រាប់ប្រជាពលរដ្ឋពីការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យរបស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ចាប់តាំងពីអាណត្តិទី១ដល់ អាណត្តិទី៦ និងអាណត្តិទី៧ ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជាបច្ចុប្បន្ន។
លោកថ្លែងបញ្ជាក់ទៀតថា «បើទោះបីជាប្រទេសរបស់យើងមានការរីកចម្រើនដូចសព្វថ្ងៃនេះក្តី ក៏នៅតាមតំបន់មួយចំនួនមិនទាន់មានការរីកចម្រើនទាំងស្រុងនោះទេ មូលហេតុដោយសារបងប្អូនយើងចេះតែពង្រីក ទីលំនៅជាបន្តបន្តាប់ ហើយបើប្រៀបធៀបកាលពីមុនតំបន់ខ្លះគ្មានមនុស្សរស់នៅនោះទេ។ ប៉ុន្តែទោះជាយ៉ាងណាលោកសន្យាកសាងផ្លូវថ្នល់ កសាងស្រះទឹក សាលារៀន មានបំពាក់កំព្យូទ័រ ម៉ាស៊ីនព្រីន ម៉ាស៊ីនភ្លើង បង្គន់អាម័យ និងតបណ្ដាញអគ្គិសនី ឱ្យចូលដល់ ភូមិម្រេច ជូនប្រជាពលរដ្ឋ ដើម្បីសម្រួលដល់ការរស់នៅរបស់បងប្អូន»៕
ដោយ ៖ សិលា