ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ព្រែកជីកហ្វូណនតេជោ នឹងផ្តល់ផលប្រយោជន៍យ៉ាងធំធេងដល់កំណើនសេដ្ឋកិច្ចជាតិ

ចែករំលែក៖

ខេត្តកណ្តាល ៖ ក្នុងឱកាសអញ្ជើញត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងផ្តល់ផលប្រយោជន៍យ៉ាងធំធេងដល់កំណើនសេដ្ឋកិច្ចជាតិ និងការដឹកជញ្ជូនតាមផ្លូវទឹក ដែលផ្សារភ្ជាប់ផ្លូវទឹកពីទន្លេទៅសមុទ្រ។ វាមិនដូចការលើកឡើងដោយបំភ្លៃរបស់វិទ្យុបរទេសមួយដែលថា គម្រោងព្រែកជីកនេះគ្មានប្រយោជន៍នោះឡើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ៖ គម្រោងព្រែកជីកនេះអនុញ្ញាតឱ្យនាវាដែលដឹកទំនិញបាន ៣ពាន់តោនអាចធ្វើនាវាចរបានដោយភ្ជាប់ពីទន្លេទៅសមុទ្រ។ មួយវិញទៀត គម្រោងព្រែកជីកដែលមានប្រវែង១៨០គីឡូម៉ែត្រភ្ជាប់ពីទន្លេទៅសមុទ្រនេះ នឹងអនុញ្ញាតឱ្យប្រជាជនប្រមាណ ១,៦លាននាក់ដែលកំពុងរស់នៅអមសងខាងគម្រោងព្រែកជីកនេះ អាចទាញយកសក្តានុពលនិងអត្ថប្រយោជន៍ពីគម្រោងនេះទៀតផង។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា គម្រោងព្រែកជីកនេះក៏អាចទាក់ទាញរោងចក្រឱ្យមកវិនិយោគផងដែរ ព្រោះការសម្រេចចិត្តណាមួយក្នុងការសាងសង់រោងចក្រ គេតែងតែគិតគូរទៅលើតម្លៃនៃការដឹកជញ្ជូន។ 

សម្តេចធិបតី មានប្រសាសន៍ថា ៖ កាលានុវត្តភាពថ្មីនេះ នឹងក្លាយជាសក្តានុពលស្រូបទាញដ៏ខ្លាំងក្លា និងសំខាន់សម្រាប់វិស័យទេសចរណ៍ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និយាយដោយឡែក ព្រមទាំងវិស័យទេសចរណ៍នៅទូទាំងប្រទេស និយាយជារួម។ បន្ថែមពីនេះ ក៏នឹងអាចទាក់ទាញដល់វិនិយោគិន មកវិនិយោគនៅកម្ពុជា រួមទាំងផ្តល់ប្រយោជន៍សេដ្ឋកិច្ចដល់ប្រជាពលរដ្ឋផងដែរ។  

ផ្លូវអាកាស គឺជាអាទិភាពគន្លឹះទី២ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ហើយក៏ជាកិច្ចការអាទិភាពទី២ នៃបញ្ចកោណទី២ ដោយផ្តោតលើការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន និងឡូជីស្ទិក ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ៕

ដោយ ៖ សិលា


ចែករំលែក៖