ភ្នំពេញ ៖ ឆ្លើយតបទៅនឹងទំនុកចិត្តរបស់ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា លោក ជិន ប៊ុនធឿន អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ បានប្តេជ្ញានឹងខិតខំបំពេញការងារទ្វេដង ដោយស្មារតីយកចិត្តទុកដាក់ ការទទួលខុសត្រូវខ្ពស់ ដើម្បីបំពេញការងារ ជូនរាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញ និងបម្រើប្រជាពលរដ្ឋឱ្យកាន់តែសកម្មខ្លាំងក្លាថែមទៀត ។
លោកបាននិយាយបែបនេះនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ពេលប្រកាសចូលកាន់ដំណែង ដោយបានធ្វើការប្ដេជ្ញាចិត្ត ដូចខាងក្រោម៖
១៖ ប្ដេជ្ញា គោរពរដ្ឋធម្មនុញ្ញ ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ សារាចរ ប្រកាស ដីកា សេចក្ដីសម្រេច បទបញ្ជា និងលិខិតបទដ្ឋានគតិយុត្តជាធរមាន របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ ក្រសួង-ស្ថាប័ន ថ្នាក់ជាតិ រដ្ឋបាលរាជធានីភ្នំពេញ និងអង្គភាពពាក់ព័ន្ធទាំងអស់ ដើម្បីធានាការពារសុខសន្តិភាព ស្ថេរភាពសង្គម សណ្ដាប់ធ្នាប់សាធារណៈ ផលប្រយោជន៍ជាតិ និងធានាការពាររាជរដ្ឋាភិបាលស្របច្បាប់ ដោយមិនអនុញ្ញាត ឱ្យកម្លាំងណាមួយ ធ្វើឱ្យប៉ះពាល់ដល់ដំណើរការដឹកនាំជាតិមាតុភូមិបានឡើយ ទោះបីបង់ក្នុងតម្លៃណាក៏ដោយ ។
២- ប្ដេជ្ញា អនុវត្តយ៉ាងម៉ឺងម៉ាត់ នូវគោលការណ៍ចាត់តាំង និងការដឹកនាំរបស់គណៈបញ្ជាការ ឯកភាព រដ្ឋបាលរាជធានីភ្នំពេញ ឱ្យបានត្រឹមត្រូវ និងខ្ជាប់ខ្ជួន ដើម្បីចូលរួមអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” គោលនយោបាយតាមវិស័យនានា និងយុទ្ធសាស្ត្រការងារអាទិភាពរបស់ គណៈអភិបាល រាជធានីភ្នំពេញ ព្រមទាំងបន្តយកចិត្តទុកដាក់អនុវត្តការងារប្រយុទ្ធ និងទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងនានា ដែលយាយីដល់សុខមាលភាព និងអាយុជីវិតរបស់ប្រជាជនក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ ឱ្យមានប្រសិទ្ធភាព។
៣- ប្ដេជ្ញា លើកកម្ពស់ស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង ក្នុងជួរគណៈអភិបាល ក្រុមប្រឹក្សា ការិយាល័យ ជំនាញ និងមន្ត្រីក្រោមឱវាទរដ្ឋបាលខណ្ឌ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំងបួន សម្រាប់ មន្ត្រីមុខងារសាធារណៈ គឺ ឆន្ទៈម្ចាស់ការ ភក្ដីភាព មនសិការវិជ្ជាជីវៈ និងវប្បធម៌សេវាសាធារណៈ។
៤- ប្ដេជ្ញា ខិតខំដោះស្រាយបញ្ហាទំនាស់ដីធ្លីដែលនៅសេសសល់ក្នុងមូលដ្ឋានខណ្ឌ និងទប់ស្កាត់ មិនឲ្យមានករណីទំនាស់ថ្មីកើតឡើងបន្ថែមទៀត ។
៥- ប្ដេជ្ញា ចូលរួមពង្រឹងកិច្ចសហប្រតិបត្តិការល្អ ជាមួយនឹងបណ្ដាក្រសួង-ស្ថាប័ន អង្គភាពរដ្ឋ មន្ទីរ-អង្គភាព ជំនាញជុំវិញសាលារាជធានីភ្នំពេញ អង្គការសង្គមស៊ីវិល ក៏ដូចជាវិស័យឯកជន ដើម្បីចូលរួមថែរក្សា សុខសន្តិភាព ស្ថិរភាពនយោបាយ សណ្ដាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែរីកចម្រើន ថែមទៀត៕
ដោយ ៖ សិលា