ភ្នំពេញ៖ លោក ប៉េង ម៉េង គ័ង អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ បានបញ្ជាក់ថា តំណាងអយ្យការបានសម្រេចចោទប្រកាន់លើអ្នកបើកបររថយន្តដែលបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យរបួសនិងស្លាប់អ្នកដទៃ នៅចំណុចច្រកចូលវត្តអរុណវតី ផ្លូវជាតិលេខ៤ ស្ថិតក្នុងខណ្ឌកំបូល កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤ ពីបទ បើកបរបង្កឲ្យរបួសនិងស្លាប់អ្នកដទៃ តាមមាត្រា៨៣ និងមាត្រា៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបានបញ្ជូនសំណុំរឿងនេះទៅចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។
សូមបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តមួយគ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3E-2791 បើកបរដោយឈ្មោះ ជ្រុន ចិន្តារី អាយុ៣០ឆ្នាំ បានបើករថយន្តគេចពីរថយន្តមួយគ្រឿងទៀតដែលឈប់រង់ចាំបត់ឆ្វេង ហើយរេចង្កូតមកឆ្វេងចូលចំណែកផ្លូវម្ខាងទៀត ជ្រុលទៅបុកម៉ូតូ១គ្រឿងម៉ាក HONDA CUB ពណ៌ខៀវ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1S-O512 ដែលបើកបរក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យ អ្នកបើកបរម៉ូតូឈ្មោះ ប៊ុន វិសាល ភេទប្រុស អាយុ២៨ឆ្នាំ និងឈ្មោះ ផន ស្រីនាង ភេទស្រី អាយុ១៣ឆ្នាំ ដែលជា អ្នករួមដំណើរ ត្រូវរងរបួសធ្ងន់។ ចំណែកឯ ឈ្មោះ ផន ស្រីណុច ភេទស្រី អាយុ១២ឆ្នាំ ដែលជាអ្នករួមដំណើរដែរនោះ បានស្លាប់បាត់បង់ជីវិត។
ជាមួយគ្នានេះ រថយន្តខាងលើបានជ្រុលទៅបុកម៉ូតូកង់បីមួយគ្រឿងទៀតម៉ាក BAJAJ ពណ៌លឿង ពាក់ផ្លាកលេខ ភ្នំពេញ 1GZ-2592 បណ្តាលឲ្យអ្នកបើកបរម៉ូតូកង់បីឈ្មោះ ជុំ វាសនា ភេទប្រុស អាយុ៣០ឆ្នាំ រងរបួសស្រាល។
ក្រោយពីបានសាកសួរ និងពិនិត្យផ្ទៀងផ្ទាត់លើភស្តុតាងនានាដែលមាននៅក្នុងសំណុំរឿង តំណាងអយ្យការ បានសម្រេចធ្វើការចោទប្រកាន់លើអ្នកបើកបររថយន្តឈ្មោះ ស្រ៊ុន ចិន្តារី ភេទប្រុស ពីបទបើកបរបង្កឲ្យរបួសនិង ស្លាប់អ្នកដទៃ តាមមាត្រា ៨៣ និងមាត្រា ៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបានបញ្ជូនសំណុំរឿងនេះទៅ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕
ដោយ ៖ រ៉ារ៉ា