ព័ត៌មានទាន់ហេតុការណ៍៖

សហភាពសហព័ន្ធយុវជនកម្ពុជា សូមគោរពកោតស្ញប់ស្ញែង ចងចាំ និងដឹងគុណជាប់ជានិច្ច ចំពោះគំរូវីរភាពរបស់អតីតយុទ្ធជន និងយុវជនជំនាន់មុន

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា នារសៀល ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ លោក ហ៊ុន ម៉ានី ប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លៃងថា ៖ ក្នុងនាមជាយុវជនជំនាន់ក្រោយ យើងខ្ញុំទាំងអស់គ្នាសូមគោរពកោតស្ញប់ស្ញែង ចងចាំ និងដឹងគុណជាប់ជានិច្ច ចំពោះគំរូវីរភាពរបស់អតីតយុទ្ធជន និងយុវជនជំនាន់មុន ជាពិសេស គំរូវីរភាពដ៏ឧត្តុង្គឧត្តម បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតប្រធានសមាគមយុវជនសាមគ្គីសង្រ្គោះជាតិកម្ពុជា និងអតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ 

លោក ហ៊ុន ម៉ានី ប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា បានបន្តថា ៖ យើងខ្ញុំក៏សូមគោរពដឹងគុណផងដែរ ដល់ថ្នាក់ដឹកនាំកម្ពុជាគ្រប់ៗរូប ដែលមិនត្រឹមតែបាននាំមកនូវសុខសន្តិភាព ឯកភាពជាតិនិងឯកភាពទឹកដី ដែលកម្ពុជាពុំធ្លាប់មានក្នុងរយៈកាលជាង ៥០០ឆ្នាំចុងក្រោយនៃប្រវត្តិសាស្រ្តរបស់ខ្លួន ជូនជាតិ មាតុភូមិ និងប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានកសាង និងអភិវឌ្ឍជាតិមាតុភូមិឱ្យមានការរីកចម្រើនជឿនលឿនលើគ្រប់វិស័យ។ ជាមួយគ្នានោះ ថ្នាក់ដឹកនាំជំនាន់មុនបានរៀបចំចាត់ចែងដំណើរការបន្តវេនដឹកនាំប្រទេសរបស់យុវជនជំនាន់ក្រោយ ឱ្យប្រព្រឹត្តទៅដោយរលូនថែមទៀត ស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ និងការប្រកាន់ខ្ជាប់នូវរបបប្រជាធិបតេយ្យសេរីពហុបក្ស ជាមួយនឹងការកោតសរសើរ និងសាទរ យ៉ាងក្លៀវក្លាពីបណ្តាប្រទេសជាមិត្តទាំងក្នុងតំបន់ និងនៅទូទាំងពិភពលោក។ ក្នុងនាមជាយុវជនបន្តវេន ស.ស.យ.ក. សូមប្តេជ្ញាបន្តគំរូវីរភាពដ៏ឧត្តុង្គឧត្តមនេះ ឱ្យស្របទៅនឹងពាក្យស្លោកពោលថា «យុវជនគឺជាទំពាំងស្នងឫស្សី» ! យុវជនគឺជាសសរទ្រូងដ៏រឹងមាំនៃប្រទេសជាតិ! យុវជនគឺជាកម្លាំងស្នូលរបស់ជាតិមាតុភូមិ! ៕

ដោយ ៖ សិលា


ចែករំលែក៖