ខេត្តកំពង់ស្ពឺ៖ ក្រុមហ៊ុនអាជីវកម្មកាយយកអាចម៍ដី លក់ នៅជើងភ្នំជ្រោះត្រាច ស្ថិតនៅភូមិគ្រៀលបួស ឃុំព្រៃក្មេង ស្រុក ភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវបានមន្រ្តីជំនាញផ្អាកមិនឲ្យដំណើរការទៀតទេ ព្រោះគ្មានច្បាប់ អនុញ្ញាត។
លោក ប៊ុន ថេត ប្រធានការិយាល័យរ៉ែនិងថាមពលខេត្តកំពង់ស្ពឺ បានឲ្យដឹងកាលពីព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នេះថាដោយសារក្រុមហ៊ុនយកគ្រឿងចក្រមកកាយយកអាចម៍ដី ទៅលក់ គ្មានច្បាប់អនុញ្ញាតនោះ ទើបក្រុមការងារជំនាញសម្រេចបិទការធ្វើអាជីវកម្មនេះ ហើយឲ្យធ្វើកិច្ចសន្យា បញ្ឈប់ សកម្មភាពកាយដីនៅទីនេះបន្តទៀត។
លោកព្រមានថា ប្រសិនបើ ក្រុមហ៊ុននេះ មិនអនុវត្តតាមការណែនាំ សមត្ថកិច្ចនឹងចាត់ការតាមច្បាប់។
ចំណាត់ការរបស់សមត្ថកិច្ចជំនាញនេះ បន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា មានរថយន្តយីឌុបជាច្រើនគ្រឿង បានដឹកអាចម៍ដីចេញពីជើងភ្នំជ្រោះត្រាច យកមកចាក់នៅភូមិសំបួរ ក្នុងឃុំមហាសាំង ស្រុកភ្នំស្រួច មិនដឹងថា មានច្បាប់ឬគ្មានច្បាប់នោះទេ ពិសេសរថយន្តដឹកដីទាំងនោះពុំមានការគ្របឲ្យត្រឹមត្រូវនោះទេបង្កឲ្យមានការធ្លាក់អាចម៍ដី លើផ្លូវ អាចបង្កគ្រោះថ្នាក់ ជាយថាហេតុដល់ អ្នកធ្វើដំណើរតាមផ្លូវ៕
ដោយ៖ ចន្ទ លីហ្សា