ព័ត៌មានទាន់ហេតុការណ៍៖

ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ អឺរ៉ុបបង្កើនការទិញអាវុធទ្វេដង

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃទី១៣ខែមីនា បានផ្សាយថា អង្គភាពស្រាវជ្រាវអន្តរជាតិមួយ បានឱ្យដឹងកាលពីថ្ងៃចន្ទថា ការនាំចូលសព្វាវុធទៅកាន់អឺរ៉ុបបានកើនឡើងជិតទ្វេដង ក្នុងរយៈពេល៥ ឆ្នាំចុងក្រោយនេះ ដែលមួយផ្នែកដោយសារសង្គ្រាមនៅប្រទេសអ៊ុយក្រែន ខណៈដែលការនាំចេញសព្វាវុធពីប្រទេសរុស្ស៊ី បានធ្លាក់ចុះពាក់កណ្តាល។
អ៊ុយក្រែនបានក្លាយជាប្រទេសនាំចូលអាវុធធំទីបួនក្នុងពិភពលោក ខណៈដែលប្រទេសបារាំងបានជំនួសរុស្ស៊ី ក្លាយជាប្រទេសនាំចេញធំទីពីរក្នុងពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក។
ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ដោយដកស្រង់របាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកខុល (SIPRI) ថា ការនាំចូលសព្វាវុធទៅកាន់អឺរ៉ុបបានកើនឡើង ៩៤ភាគរយក្នុងចន្លោះឆ្នាំ២០១៩-២០២៣ បើធៀបនឹងរយៈពេល ៥ឆ្នាំមុនរយៈពេលនេះ ខណៈដែលពាណិជ្ជកម្មសព្វាវុធសកលបានថយចុះបន្តិច។
អ្នកស្រី Katarina Djokic អ្នកស្រាវជ្រាវនៃវិទ្យាស្ថាន SIPRI បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា ការកើនឡើងនេះគឺ «មួយផ្នែកដោយសារសង្រ្គាមនៅអ៊ុយក្រែន ហើយអ៊ុយក្រែនបានក្លាយជាប្រទេសនាំចូលអាវុធធំជាងគេទី៤ នៅលើពិភពលោក ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ»។
វិទ្យាស្ថាន SIPRI បានកត់សម្គាល់ថា យ៉ាងហោចណាស់មានប្រទេសចំនួន៣០ បានផ្គត់ផ្គង់សព្វាវុធសំខាន់ៗជាជំនួយយោធាដល់ប្រទេសអ៊ុយក្រែនចាប់តាំងពីរុស្ស៊ីបានឈ្លានពានប្រទេសនេះក្នុងខែកុម្ភៈ ឆ្នាំ២០២២មក។
ទន្ទឹមនឹងនោះ រុស្ស៊ីដែលកាន់តំណែងជាប្រទេសនាំចេញធំជាងគេទី២ ជាយូរមកហើយនោះបានមើលឃើញថា ការនាំចេញរបស់ខ្លួនធ្លាក់ចុះ ៥៣ភាគរយចន្លោះពីឆ្នាំ២០១៤-២០១៨ និងឆ្នាំ២០១៩-២០២៣។ រុស្សីមិនត្រឹមតែនាំចេញអាវុធតិចជាងមុនប៉ុណ្ណោះទេ តែប្រទេសនេះក៏បាននាំចេញទៅកាន់បរទេសកាន់តែតិចជាងមុនផងដែរ។ រស្ស៊ីបាននាំចេញទៅប្រទេសចំនួន១២ ប៉ុណ្ណោះក្នុងឆ្នាំ២០២៣ ធៀបនឹង ៣១ប្រទេសក្នុងឆ្នាំ២០១៩។
អ្នកស្រី Djokic បានមានប្រសាសន៍ថា៖ «ក៏មានការផ្លាស់ប្តូរគោលនយោបាយសំខាន់ៗ ក្នុងប្រទេសចិន ដែលជាអតិថិជនដ៏ធំបំផុតរបស់ពួកគេ [រុស្ស៊ី] ផងដែរ»។
ប្រទេសចិនជាធម្មតា គឺជាអតិថិជនម្នាក់ក្នុងចំណោមអតិថិជនទិញសព្វាវុធរុស្ស៊ីធំបំផុត ប៉ុន្តែប្រទេសនេះបាននិងកំពុងជំរុញឱ្យមានការអភិវឌ្ឍផលិតកម្មក្នុងស្រុករបស់ខ្លួន។ ប្រទេសចិននៅតែមានចំណែក ២១ភាគរយនៃការនាំចេញរបស់រុស្ស៊ី ខណៈឥណ្ឌាជាអតិថិជនធំបំផុតដែលទិញសព្វាវុធ ៣៤ ភាគរយពីរុស្ស៊ី។
ខណៈពេលដែលការនាំចេញរបស់រុស្ស៊ីបានធ្លាក់ចុះ បារាំងបានឃើញកំណើននាំចេញសព្វាវុធរបស់ខ្លួនចំនួន ៤៧ ភាគរយ ដោយជំនួសតំណែងរបស់រុស្ស៊ីក្លាយជាប្រទេសនាំចេញសព្វាវុធធំទីពីររបស់ពិភពលោក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP៕ ដោយ៖ ធីរីណា

រូប​ថត​៖ Vietnamnet.vn

 


ចែករំលែក៖