ក្លិបអេស្ប៉ាញ Celta Vigo បានបណ្តេញអ្នកចាត់ការទូទៅលោក Rafael Benitez បន្ទាប់ពីដឹកនាំតិចជាង៩ខែ។ អតីតគ្រូបង្វឹក Liverpool និង Chelsea លោក Benitez វ័យ៦៣ឆ្នាំបានចូលរួមជាមួយក្រុម La Liga កាលពីថ្ងៃទី២៣ ខែមិថុនាឆ្នាំមុន ហើយបានចាកចេញបន្ទាប់ពីឈ្នះត្រឹមតែ៥ប្រកួតប៉ុណ្ណោះក្នុងចំណោម២៨ប្រកួតរបស់គាត់ដែលដឹកនាំក្រុម Celta Vigo។
គាត់ចាកចេញពីក្លិបលេខ១៧ក្នុងក្របខ័ណ្ឌកំពូលរបស់អេស្ប៉ាញ ដោយអង្គុយនៅខាងក្រៅតំបន់កាត់ចោលត្រឹមតែ២ពិន្ទុប៉ុណ្ណោះ។ វាជាតួនាទីជាអ្នកចាត់ការដំបូងរបស់លោក Benitez ចាប់តាំងពីត្រូវបានបណ្តេញចេញដោយក្រុម Everton ក្នុងក្របខ័ណ្ឌ Premier League ក្នុងខែមករា ឆ្នាំ២០២២។
ក្នុងការប្រកួតចំនួន៣៣ក្នុងការប្រកួតទាំងអស់ Celta Vigo ឈ្នះបានត្រឹមតែ៩ដងប៉ុណ្ណោះ ដែលក្នុងនោះមាន៣ប្រកួតទល់នឹងក្រុមដែលមានកម្រិតទាបនៅ Copa del Rey ។ ការប្រកួតចុងក្រោយរបស់គាត់ជាមួយ Celta Vigo គឺចាញ់ ៤–០ លើអតីតក្លិបរបស់គាត់គឺ Real Madrid កាលពីថ្ងៃអាទិត្យ។
សេចក្តីថ្លែងការណ៍របស់ក្លិបបានឲ្យដឹងថា “លោក Rafa Benitez និងបុគ្គលិករបស់គាត់ចាកចេញពី Celta Vigo បន្ទាប់ពីរយៈពេល៨ខែនៃការលះបង់ និងការប្តេជ្ញាចិត្តទាំងស្រុង ប៉ុន្តែនៅក្នុងនោះក្រុមមិនទទួលបានលទ្ធផលដែលក្លិបរំពឹងទុក។ ក្លិបសូមថ្លែងអំណរគុណចំពោះលោក Rafa Benitez និងជំនួយការរបស់គាត់នូវការដឹងគុណដ៏ស្មោះស្ម័គ្របំផុតចំពោះភាពស្មោះត្រង់ និងវិជ្ជាជីវៈដែលពួកគេបានបង្ហាញតាំងពីការមកដល់របស់ពួកគេ និងការងារដែលមិនចេះនឿយហត់ដែលពួកគេបានធ្វើ។ Celta Vigo ក៏សូមជូនពរឱ្យពួកគេជួបតែសំណាងល្អ និងជោគជ័យ នៅពេលអនាគត”។
ក្រុម Celta Vigo នឹងត្រូវប្រកួតក្នុងក្របខ័ណ្ឌ La Liga នៅថ្ងៃអាទិត្យជាមួយក្រុម Sevilla ដោយចាប់ផ្តើមនៅម៉ោង៨យប់ ម៉ោងនៅកម្ពុជា។
លោក Benitez ធ្លាប់បានដឹកនាំក្រុមឈ្នះពានរង្វាន់ Champions League ឆ្នាំ២០០៥ និង២០០៦, FA Cup ជាមួយក្រុម Liverpool និងពានរង្វាន់ Europa League កាលពីឆ្នាំ២០១៣ ក្នុងអំឡុងពេលស្នាក់នៅបណ្តោះអាសន្នរបស់គាត់នៅ Chelsea។ គាត់បានដឹកនាំក្លិប Newcastle ឱ្យឡើងពីក្របខ័ណ្ឌ Championship ក្នុងរដូវកាល២០១៦–២០១៧ ហើយក៏ធ្លាប់បានដឹកនាំក្លិបValencia, Inter Milan និង Napoli ផងដែរ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)